(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានសម្រេចចិត្តរក្សាទុកជាបានការដដែល នូវការពិន័យជាប្រាក់ ៨៧៣លានដុល្លារ លើក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Qualcomm ដែលតម្រូវដោយអាជ្ញាធរប្រយុទ្ធប្រឆាំងការធ្វើពាណិជ្ជកម្មមិនត្រឹមត្រូវ នៃប្រជាជាតិអាស៊ីបូព៌ាមួយនេះកាលពីឆ្នាំ២០១៦ ជុំវិញការអនុវត្តពាណិជ្ជកម្មមិនត្រឹមត្រូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងសាលក្រមប្រធានតុលាការជាន់ខ្ពស់ក្រុងសេអ៊ូល ឈ្មោះ ណូ តែអាក (Noh Tae-ak) បានបញ្ជាក់ថា មូលហេតុនៃការផ្ដល់សុពលភាពលើការពិន័យជាប្រាក់ ដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ គឺដោយសារតែក្រុមហ៊ុន Qualcomm បានរំលោភលើតំណែងគ្រប់គ្រងទីផ្សាររបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនផលិតបន្ទះឈីបនំាមុខគេ។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ណាមួយថា តើក្រុមហ៊ុនអាមេរិកមួយនឹងដាក់ពាក្យប្ដឹងឧទ្ធរណ៍ ទៅកាន់តុលាការកំពូលកូរ៉េខាងត្បូង ឬក៏យ៉ាងណានោះទេ។
គួរជម្រាបថា គណៈកម្មាការពាណិជ្ជកម្មប្រកបដោយតម្លាភាពកូរ៉េ (KFTC) បានពិន័យជាប្រាក់ ៨៧៣លានដុល្លារលើក្រុមហ៊ុន Qualcomm កាលពីឆ្នាំ២០១៦ ដោយចោទថា បានអនុវត្តពាណិជ្ជកម្មមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងអាជ្ញាប័ណ្ណប៉ាតង់ និងការលក់បន្ទះឈីបទំនើប។ ប៉ុន្តែ Qualcomm ដែលជាអ្នកផ្គត់ផ្គង់បន្ទះឈីបដ៏ធំដល់ក្រុមហ៊ុន Samsung Electronics និង LG Electronics បានទាត់ចោលការចោទប្រកាន់ និងប្ដឹងតវ៉ាឡើងតុលាការកូរ៉េខាងត្បូង៕