(សាន់ហ្រ្វាន់ស៊ីស្កូ)៖ លោក សាន់ដារ ភីឆៃ (Sundar Pichai) នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google នឹងឡើងកាន់តំណែងជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអាល់ហ្វាប៊ែត (Alphabet) ដែលជាម្ចាស់របស់ Google បន្ថែមទៀត ក្រោយនាយកប្រតិបត្តិចាស់សម្រេចលាលែង។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីសហស្ថាបនិកទាំងពីររបស់ក្រុមហ៊ុន Google គឺលោក ឡារី ផេច (Larry Page) ដែលជានាយកប្រតិបត្តិ (CEO) របស់ Alphabet និងលោក ស៊ីហ្គៃ ប្រ៊ីន (Sergey Brin) ដែលជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Alphabet បានប្រកាសលាលែងពីតួនាទី ជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុននេះ។ យ៉ាងណាក្តីលោក Page និង Brin នឹងនៅតែបន្តចូលរួមពាក់ព័ន្ធក្នុងនាមជាសហស្ថាបនិក ម្ចាស់ភាគហ៊ុន និងជាសមាជិកនៃក្រុមប្រឹក្សានាយករបស់ Alphabet ដដែល។ ដោយឡែកលោក Pichai អាយុ ៤៧ឆ្នាំ ដែលមានដើមកំណើតមកពីប្រទេសឥណ្ឌា នឹងឡើងកាន់តំណែងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Alphabet បន្ថែមពីលើតំណែងបច្ចុប្បន្ន ដែលជានាយកប្រតិបត្តិរបស់ Google។
គួរជម្រាបថា កាលពីឆ្នាំ១៩៩៨ លោក Larry Page និង លោក Sergey Brin បានរួមគ្នាបង្កើតក្រុមហ៊ុន Google នៅក្នុងការ៉ាស់រថយន្តមួយ ដែលអ្នកទាំងពីរបានជួលពីមិត្តភក្តិ។ នៅឆ្នាំ១៩៩៩ លោក Page និង លោក Brin បានព្យាយាមលក់ក្រុមហ៊ុន Google ក្នុងតម្លៃ ៧៥០,០០០ដុល្លារ ប៉ុន្តែមិនបានសម្រេច ខណៈ២០ឆ្នាំក្រោយមក គឺនៅឆ្នាំ២០១៩ នេះ Google មានតម្លៃដល់ទៅ ៥៩.៣ពាន់លានដុល្លារ។ រីឯក្រុមហ៊ុន Alphabet ទើបតែត្រូវបានបង្កើតឡើងកាលពី២០១៥ ប៉ុណ្ណោះ តាមរយៈការធ្វើកំណែទម្រង់រចនាសម្ព័ន្ធនៃក្រុមហ៊ុន Google ហើយក៏បានក្លាយជាម្ចាស់របស់ Google ព្រមទាំងអតីតបុត្រសម្ព័ន្ធមួយចំនួនទៀតរបស់ Google៕