(គូឡាឡាំពួ)៖ រដ្ឋាភិបាលម៉ាឡេស៊ីនាថ្ងៃអង្គារសប្តាហ៍នេះ បានស្នើឡើងនូវសេចក្តីព្រាងច្បាប់មួយ ដើម្បីកំណត់អាណត្តិនាយករដ្ឋមន្រ្តីត្រឹម 0២អាណត្តិ ខណៈនាយករដ្ឋមន្រ្តីបច្ចុប្បន្នលោក ម ហាធៀ មហាម៉ាត់ (Mahathir Mohamad) កំពុងព្យាយាមបំពេញតាមពាក្យសន្យាថា នឹងទប់ស្កាត់ការរំលោភអំណាច នៃមេដឹកនាំប្រទេសអាស៊ានមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
សំណើនៃសេចក្តីព្រាងច្បាប់ខាងលើ មានគោលដៅធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញម៉ាឡេស៊ី ដើម្បីកំណត់ឲ្យនាយករដ្ឋមន្រ្តីកាន់អំណាច «បានត្រឹមពីរអាណត្តិយ៉ាងយូរ» ហើយសេចក្តីព្រាងច្បាប់នេះ នឹងតម្រូវឲ្យមានការគាំទ្រពីសំឡេងពីរភាគបី នៃសមាជិកសភាទាំង ២២២នាក់ ដើម្បីអាចអនុម័តបាន។ សភាម៉ាឡេស៊ីនឹងត្រូវធ្វើការតស៊ូមតិអំពីសេចក្តីព្រាងច្បាប់នេះ នៅខែមីនា ឆ្នាំ២០២០។ ការកែប្រែរដ្ឋធម្មនុញ្ញ ស្ថិតក្នុងចំណោមការសន្យាមួយចំនួន នៅក្នុងសម្ព័ន្ធគណបក្សនយោបាយ ផាកាតាន់ ហារ៉ាផាន់ (Pakatan Harapan) របស់លោក Mahathir ក្រោមគោលបំណងលុបបំបាត់អំពើពុករលួយ និងដាក់កំហិតលើអំណាចនាយករដ្ឋមន្រ្តី។
គួរជម្រាបថា លោក Mahathir ជានាយករដ្ឋមន្រ្តីកាន់អំណាចបានយូរជាងគេគឺរយៈពេល ២២ឆ្នាំ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីលោកបានកាន់មុខតំណែងជានាយករដ្ឋមន្រ្តីជាលើកដំបូង ចាប់ពីឆ្នាំ១៩៨១ រហូតដល់ឆ្នាំ២០០៣។ លោកបានជាប់ជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីជាថ្មីម្តងទៀត ក្រោយសម្ព័ន្ធគណបក្សលោកទទួលជ័យជម្នះក្នុងការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៨។ ឆ្លើយតបនឹងសំណួរទាក់ទិននឹងសំណើសេចក្តីព្រាងច្បាប់ខាងលើ លោក Mahathir បាននិយាយដូច្នេះថា «ឥឡូវខ្ញុំអាយុ ៩៤ឆ្នាំហើយ តើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំបន្តជាមេដឹកនាំ ទៀតនៅពេលខ្ញុំអាយុ ១០០ឆ្នាំមែនទេ»។ រីឯអតីតនាយករដ្ឋមន្រ្តីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលបានកាន់អំណាចជិត ៣អាណត្តិកំពុងប្រឈមមុខ នឹងការចោទប្រកាន់ជាច្រើនពាក់ព័ន្ធអំពើពុករលួយ៕