(យូអិន)៖ មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) បានអនុម័តទៅដំណោះស្រាយសរុបចំនួន ០៤សំខាន់ៗក្នុងនោះរួចមានដូចជា ការការពារព្រំដែនឆ្នាំ១៩៦៧ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងកំណត់កាលបរិច្ឆេទថ្មីនៃបន្តការបេសកកម្មរបស់ស្ថាប័នចំនួនពីរ ចំណុះឲ្យអង្គការសហប្រជាជាតិ (UN) ដែលកំពុងបម្រើការងារពាក់ព័ន្ធបញ្ហាប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។
ក្រោយពីប្រទេសចំនួន ២០ បានធ្វើការជជែកដេញដោល អំពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាពិសេសការរៀបចំផែនការសាងសង់លំនៅឋានថ្មី នៅក្នុងទឹកដីប៉ាឡេស្ទីននោះ មហាសន្និបាត UN ទាំងមូលបានធ្វើការបោះឆ្នោត ទៅលើដំណោះស្រាយទាំងអស់ចំនួន ០៤ ហើយ ០២ ក្នុងចំណោមនោះទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ពីបណ្តារដ្ឋជាសមាជិកផងដែរ។ សម្រាប់ដំណោះស្រាយដោយសន្តិភាពលើបញ្ហាប៉ាឡេស្ទីន គឺទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេរហូតដល់ ១៤៧សំឡេង, ប្រឆាំង ០៧សំឡេង និង ១៣សំឡេងទៀតអវត្តមាន។
គួរបញ្ជាក់ថា មហាសន្និបាត UN បានសម្តែងការគាំទ្រ និងការពារចំពោះព្រំដែនរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលបានកំណត់នៅដើមឆ្នាំ១៩៦៧។ មហាសន្និបាត UN ក៏បានអំពាវនាវផងដែរឲ្យសមាជិកទាំងអស់ ចាត់ទុកការគ្រប់គ្រងណាមួយដោយអ៊ីស្រាអែល ដែលបំពានលើដែនដីប៉ាឡេស្ទីននោះ «គឺជាទង្វើខុសច្បាប់» ហើយត្រូវនាំគ្នាធានាការទទួលខុសត្រូវ ចំពោះមុខច្បាប់អន្តរជាតិឲ្យបាន៕