(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានអះអាងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចនឹងត្រូវរង់ចាំ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ខណៈសង្រ្គាមដំឡើងពន្ធ រវាងមហាអំណាចទាំងពីរ កំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាទីដែលលោកត្រូវជួបប្រជុំជាមួយមេដឹកនាំអង្គការ NATO លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនបានកំណត់ពីកាលបរិច្ឆេទផុតកំណត់ឡើយ...ខ្ញុំពេញចិត្ត នឹងគំនិតរង់ចាំរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ទើបចុះកិច្ចព្រមព្រៀងជាមួយចិន។ ប៉ុន្តែ ពួកគេ (ចិន) ចង់បានកិច្ចព្រមព្រៀងឥលូវនេះ ដូច្នេះយើងនឹងបានឃើញថាកិច្ចព្រមព្រៀងនឹងកើតមានឬក៏យ៉ាងណា»។
គួរជម្រាបថា កាលពីថ្ងៃចន្ទម្សិលមិញ លោក ដូណាល់ ត្រាំ ក៏បានទទួលស្គាល់ផងដែរថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ចិនគឺជារឿងពិបាកនឹងកើតឡើង ក្រោយលោកចុះហត្ថលេខាលើច្បាប់គាំទ្របាតុករក្រុងហុងកុង។ តែលោកនៅតែជឿថា ចិននៅតែចង់បានកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ដដែល៕