(ឡុងដ៍)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថានៅតែមានទំនុកចិត្តលើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនដដែល ប៉ុន្តែព្រមពេលជាមួយគ្នា លោកបានប្រើប្រាស់រហស្សនាម«បុរសរ៉ុក្កែត» ហៅលោក គីមសាជាថ្មី។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន The Hill នៅថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ កំឡុងពេលត្រូវបានសាកសួរ នៅឯទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅថ្ងៃអង្គារនេះ ថាតើហេតុអ្វីបានជាកូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។ ជាការឆ្លើយតប លោកប្រធានាធិបតីអាមេរិកបានគូសបញ្ជាក់ដូច្នេះថា៖ «គាត់ (លោក គីម ជុងអ៊ុន) ពិតជាចូលចិត្តបាញ់បង្ហោះគ្រាប់រ៉ុក្កែត ខ្លាំងណាស់... ដូច្នេះហើយទើបខ្ញុំហៅគាត់ថា «បុរសគ្រាប់រ៉ុក្កែត»។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំនៅតែមានទំនុកចិត្តចំពោះគាត់ ។ ខ្ញុំពិតជាចូលចិត្តគាត់ និងមានទំនាក់ទំនងល្អជាមួយគាត់។ យើងនឹងបានឃើញថានឹងមានអ្វីកើតឡើង ហើយខ្ញុំសូមនិយាយតាមត្រង់ បើខ្ញុំមិនមែនជាប្រធានាធិបតីទេ ប្រហែលជាអ្នករាល់គ្នាធ្លាក់ចូលក្នុងសង្រ្គាមអាស៊ីបាត់ទៅ ហើយ»។
គួរជម្រាបថា ខណៈកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក កំពុងបន្តជាប់គាំងនៅឡើយ កូរ៉េខាងជើងនាថ្ងៃអង្គារនេះ ក៏បានលើកឡើងថា វាអាស្រ័យទៅលើតែទីក្រុងវ៉ាស៊ីនតោនខ្លួនឯងប៉ុណ្ណោះថា តើចឹងចង់បានកាដូអ្វីសម្រាប់បុណ្យគ្រីស្មាស់ (Christmas) បន្ទាប់ពីខ្លួនបានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ ក្នុងថ្ងៃបុណ្យ Thanksgiving កាលពីសប្ដាហ៍មុន៕