(ម៉ានីល)៖ មនុស្សយ៉ា់ងហោចម្នាក់បានបាត់បង់ជីវិត ខណៈជាង៣សែននាក់ត្រូវបានជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព ស្របពេល ដែលព្យុះទីហ្វុងកំណាច Kammuri កំពុងវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។
មនុស្សជាង៣៤០,០០០នាក់ បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ក្នុងតំបន់ Bicol ហើយកំពុងជ្រកកោននៅតាមមជ្ឈមណ្ឌលសុវត្ថិភាព ។ អាកាសយានដ្ឋានអន្តរជាតិនៃរដ្ឋធានីម៉ានីល ត្រូវបានផ្អាកប្រតិបត្តិការរយៈពេល១២ម៉ោង រហូតដល់ម៉ោង១១៖០០នាទីយប់ថ្ងៃអង្គារនេះ ។ អាកាសចរណ៍ដូចជា Philippine Airlines, Cebu Air និង AirAsia បានផ្អាកជើងហោះហើរសរុប៥០០ជើង ហើយអ្នកដំណើរជាច្រើន នាក់ ត្រូវជាប់គាំងទៅណាពុំរួច។
ព្យុះទីហ្វុង Kammuri ដែលប្រជាជនហ្វីលីពីនហៅថា Tisoy គឺជាព្យុះទីហ្វុងទី២០ហើយក្នុងឆ្នាំ២០១៩នេះ។ វាបាននាំយកមកជាមួយនូវខ្យល់ បោកបក់ល្បឿនចន្លោះ១៥០-២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបានបង្កការខូចខាតដល់លំនៅឋាន និងសំណង់អគារមួយចំនួន ព្រមទាំងធ្វើឲ្យដើមឈើ បង្គោលភ្លើងរួមជាមួយផ្ទាំងបដាជាច្រើនដួលរលំថែមទៀត។ ព្យុះទីហ្វុងនេះ ក៏បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ខណៈអាជ្ញាធរហ្វីលីពីនបាន ព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបំណាក់ដី និងទឹកជំនន់។
គួរជម្រាបថា ការវាយប្រហាររបស់ព្យុះទីហ្វុងខាងលើ កើតមានឡើងចំពេលដែល ហ្វីលីពីនកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាស៊ីហ្គេម (SEA Game) ដែលត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១១ ខែធ្នូ នៅទីក្រុងម៉ានីល។ ដោយសារតែវា ការកម្មវិធីប្រកួតមួយចំនួនត្រូវបានពន្យារពេល ទៅប៉ុន្មានថ្ងៃខាងមុខវិញ ជាពិសេសកីឡាដែលត្រូវប្រកួតនៅលើផ្ទៃទឹក។ ព្យុះទីហ្វុង Kammuri ត្រូវគេព្យាករណ៍ថា នឹងបោកបក់ចេញផុត ពីដែនដីហ្វីលីពីននៅថ្ងៃពុធឬថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕