(បរទេស)៖ បិតាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានឲ្យដឹងថា ក្រុមហ៊ុននេះមានគម្រោងផ្លាស់ប្តូរទីតាំង នៃមជ្ឈមណ្ឌលស្រាវជ្រាវរបស់ខ្លួន ចេញពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសកាណាដាវិញ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។
លោក រិន ចេងហ្វៃ (Ren Zhengfei) ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Huawei បានបង្ហើបប្រាប់ឲ្យដឹងដូចខាងលើ ក្នុងបទសម្ភាសន៍មួយ ជាមួយសារព័ត៌មានកាណាដា Globe and Mail។ លោក Ren បាននិយាយដូច្នេះថា «មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ Huawei នឹងត្រូវផ្លាស់ប្តូរចេញពីសហរដ្ឋអាមេរិក ហើយទៅតាំងនៅក្នុងទឹកដីកាណាដាវិញ»។
លោក Ren បានបន្តថា ក្រុមហ៊ុនលោកក៏ចង់រៀបចំការផលិត សម្ភារៈបណ្តាញទូរគមនាគមន៍មួយចំនួន នៅក្រៅប្រទេសចិនផងដែរ។ លោកមានបំណងបង្កើតរោងចក្រនៅតំបន់អឺរ៉ុប ដើម្បីផលិតគ្រឿងបរិក្ខា Network 5G នៅទីនោះ ដើម្បីកាត់បន្ថយការភ័យព្រួយបារម្ភ ដែលកើតឡើងចេញមកពីការចោទប្រកាន់ គ្មានមូលដ្ឋានរបស់សហរដ្ឋអាមេរិក ដែលថាផលិតផលរបស់ Huawei អាចត្រូវរដ្ឋាភិបាលចិនប្រើប្រាស់ ក្នុងការងារស៊ើបការណ៍សម្ងាត់នោះ។
គួរជម្រាបថា យោងតាមសារព័ត៌មានកាណាដា Globe and Mail ក្រុមហ៊ុន Huawei បានចំណាយទុន «៥១០លានដុល្លារ» លើប្រតិបត្តិការនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួននៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៨។ ប៉ុន្តែក្រុមហ៊ុន Huawei និងបុត្រសម្ព័ន្ធជាច្រើនរបស់ខ្លួនត្រូវបានរដ្ឋាភិបាលអាមេរិក កត់ឈ្មោះចូលបញ្ជីខ្មៅពាណិជ្ជកម្មកាលពីឧសភាកន្លងទៅ។ គិតមកទល់ពេលនេះ Huawei បានកាត់បន្ថយចំនួនបុគ្គលិក នៅមជ្ឈមណ្ឌលស្រាវជ្រាវក្នុងសហរដ្ឋអាមេរិកចំនួន ៦០០នាក់ គឺនៅសល់ត្រឹម ២៥០នាក់ប៉ុណ្ណោះ៕