(យូអិន)៖ សហរដ្ឋអាមេរិកបានធ្វើការបង់ប្រាក់ ៥៦៣លានដុល្លារទៅដល់អង្គការសហប្រជាជាតិ (UN) ដើម្បីបញ្ចប់វិក័យប័ត្រប្រាក់បំណុលកាលពីឆ្នាំ២០១៨ ដែលខ្លួនបានជំពាក់ និងជាការបង់ប្រាក់បន្ថែមខ្លះៗ ទៅតាមកាតព្វកិច្ចនៅក្នុងឆ្នាំ២០១៩ នេះតែម្តង។ នេះបើតាមប្រភពពីអ្នកនាំពាក្យអគ្គលេខាធិការ UN ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩។
លោក ស្ទេហ្វាន ឌូហ្សារិក (Stephane Dujarric) អ្នកនាំពាក្យនៃអគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបានបង់ប្រាក់ខែខ្លួនជំពាក់កាលពីឆ្នាំមុន (ឆ្នាំ២០១៨) និងបង់ប្រាក់ខ្លះទៀតទៅតាមកាតព្វកិច្ចក្នុងឆ្នាំ២០១៩ តាំងតែពីប៉ុន្មានសប្តាហ៍មុនមកម្ល៉េះ...»។
បើតាមអ្នកនាំពាក្យ UN ដដែល សហរដ្ឋអាមេរិកនៅជំពាក់ ៤៩១លានដុល្លារទៀត ចំពោះកាតព្វកិច្ចចំណាយសម្រាប់ទ្រទ្រង់អង្គការអន្តរជាតិនេះ នៅក្នុងថវិកាដែលមហាអំណាចនេះ ត្រូវចំណាយសម្រាប់២០១៩។ លោក Stephane Dujarric ក៏បានបង្ហើបផងដែរថា «សមាជិក UN ចំនួន ១៣៨ ក្នុងចំណោម ១៩៣ប្រទេស បានបង់ប្រាក់ពេញលេញទៅតាមកាតព្វកិច្ចរបស់ខ្លួនរួចរាល់ហើយ នៅក្នុងឆ្នាំ២០១៩ ហើយយើងពិតជាអរគុណខ្លាំងណាស់»។
គួរបញ្ជាក់ថា ការយឺតយ៉ាវក្នុងការបង់ប្រាក់របស់អាមេរិកកន្លងទៅនេះ ក៏បានបង្កឲ្យ UN ជួបប្រទះបញ្ហាជាច្រើនផងដែរ បន្ទាប់ពីការមានវិបត្តិផ្ទួនៗនាប៉ុន្មានខែមកនេះ ជាពិសេសក្រោយពីសហរដ្ឋអាមេរិកសម្រេចកាត់បន្ថយប្រាក់ ២៥% សម្រាប់ទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាពរបស់ UN នោះ។
សម្រាប់ប្រទេសធំៗដែលទ្រទ្រង់ UN ច្រើនជាងគេនៅឆ្នាំ២០១៨ នោះមានដូចជា៖ សហរដ្ឋអាមេរិក (៦៧៤.២លានដុល្លារ ស្មើនឹង២២ភាគរយ), ចិន (៣៦៧.៩លានដុល្លារ ស្មើនឹង១២ភាគរយ), ជប៉ុន (២៦២.៤លានដុល្លារ ស្មើនឹង៨.៥ភាគរយ) អាល្លឺម៉ង់ (១៨៦.៦លានដុល្លារ ស្មើនឹង៦ភាគរយ), ចក្រភពអង់គ្លេស (១៣៩.៩លានដុល្លារ ស្មើនឹង៤.៦ភាគរយ), បារាំង (១៣៥.៧លានដុល្លារ ស្មើនឹង៤.៤ ភាគរយ), អ៊ីតាលី (១០១.៣លានដុល្លារ ស្មើនឹង៣.៣ភាគរយ), ប្រេស៊ីល (៩០.៣លានដុល្លារ ស្មើនឹង២.៩ភាគរយ), កាណាដា (៨៣.៨លានដុល្លារ ស្មើនឹង២.៧ភាគរយ), និង រុស្ស៊ី (៧៣.៧លានដុល្លារ ស្មើនឹង២.៤ភាគរយ)៕