(បាងកក)៖ មេដឹកនាំគណបក្សប្រឆាំងមួយរូបនៅប្រទេសថៃគឺ លោក ថាណាថន ចងរូងរួងឃីត (Thanathorn Juangroongruangkit) នាថ្ងៃចន្ទនេះ បានរិះគន់ធ្ងន់ៗលើរដ្ឋាភិបាលថៃថា កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងកំពុងព្យាយាមរំលាយគណបក្សរបស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។
អ្នកនយោបាយវ័យ៤០ឆ្នាំរូបនេះ បានក្លាយខ្លួនជាគូបដិបក្ខចម្បងម្នាក់ចំពោះរដ្ឋាភិបាលស៊ីវិលថៃ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីគណបក្សអនាគតឆ្ពោះទៅមុខរបស់លោក Thanathorn បានក្លាយជាបក្សនយោបាយ ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេទីបី ក្នុងការបោះឆ្នោតកាលពីខែមីនា ឆ្នាំ២០១៩នេះ។
លោក Thanathorn បានលើកឡើងដូច្នេះថា «ពួកគេ (រដ្ឋាភិបាលថៃ) បានបន្តប្រើប្រាស់ការចុះផ្សាយមិនពិត និងការបំភ្លៃព័ត៌មាន ដើម្បីព្យាយាមបង្ខូចមុខមាត់ក្រុមបក្សប្រឆាំង។ ពួកគេកំពុងលាបពណ៌ពួកយើងថា ជាជនក្បត់ជាតិនិងជាក្រុមប្រឆាំងរាជានិយម ហើយបំផុសឲ្យមានការស្អប់ខ្ពើមគ្នា ដើម្បីបំបែកបំបាក់ជនរួមជាតិនៅក្នុងប្រទេសនេះ។ ពួកយើងអាចមើលឃើញយ៉ាងច្បាស់នូវ ការខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីកម្ចាត់គណបក្សពួកយើង»។
គួរជម្រាបថា កាលពីខែវិច្ឆិកាកន្លងទៅ លោក Thanathorn បានអស់តំណែងជាសមាជិកសភាថៃជាផ្លូវការ បន្ទាប់ពីតុលាការបានសម្រេចថា លោកពិតជាបានល្មើសនឹងច្បាប់បោះឆ្នោត ដោយសារការមានកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនព័ត៌មានមួយ នៅពេលដាក់ពាក្យឈរឈ្មោះជាតំណាងរាស្រ្ត។ ពាក់ព័ន្ធរឿងនេះ លោក Thanathorn បានអះអាងថា វាគឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាលលោក ប្រាយុទ្ធ ដើម្បីកម្ចាត់ក្រុមប្រឆាំង និងក្រុមអ្នករិះគន់៕