(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់វិធានការ សងសឹកវិញជាបណ្ដើរៗហើយ តាមរយៈការប្រកាសដាក់ទណ្ឌកម្ម លើអង្គការក្រៅរដ្ឋាភិបាលមួយចំនួនរបស់សហរដ្ឋអាមេរិក ព្រមទាំងផ្អាកការអនុញ្ញាតឱ្យនាវា និងយន្ដហោះចម្បាំងអាមេរិក បំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងហុងកុងផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅរសៀលថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។
ការប្រកាសដាក់ចេញនូវវិធានការខាងលើ ធ្វើឡើងដោយក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃចន្ទនេះ និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រមានចាត់វិធានសងសឹក ទៅនឹងការចុះហត្ថលេខាកាលពីសប្ដាហ៍មុន របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីឱ្យសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្រុងហុងកុងក្លាយទៅជាច្បាប់ជាផ្លូវការ។
សម្រាប់ច្បាប់អាមេរិកខាងលើនេះ គឺមានគោលដៅគំាទ្របាតុករនៅហុងកុង និងធ្វើការពិនិត្យមើលក្នុងមួយឆ្នាំម្ដងថា តើទីក្រុងហុងកុងស័ក្តិសមនឹងទទួលបាន ការអនុគ្រោះពាណិជ្ជកម្មពិសេស ពីសហរដ្ឋអាមេរិកដែរ ឬទេ។ មិនតែប៉ុណ្ណោះ វាក៏អនុញាតឱ្យមានការដាក់ទណ្ឌកម្មផងដែរ ក្នុងករណីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលសហរដ្ឋអាមេរិកមើលឃើញ កំពុងកើតមាននៅហុងកុងនោះ។
គួរបញ្ជាក់ថា ក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលអាមេរិកនានា ដែលនឹងត្រូវជាប់ទណ្ឌកម្ម ដោយសារតែការគាំទ្រក្រុមបាតុករក្រុងហុងកុនោះ ក៏រួមមានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ផងដែរ ហើយក្រសួងការបរទេសចិនបានស្នើឱ្យទីក្រុង វ៉ាស៊ីនតោនបញ្ឈប់ការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ជាមួយការព្រមានបន្ថែមទៀតថា នឹងចាត់វិធានការជាបន្តបន្ទាប់នៅក្នុងករណីចាំបាច់៕