Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

របាយការណ៍៖ គ្រោះមហន្តរាយធម្មជាតិ នៃបម្រែបម្រួលអាកាសធាតុ បង្ខំឱ្យប្រជាជន ២០លាននាក់ ចាកចោលផ្ទះសម្បែងក្នុងមួយឆ្នាំៗ (Video inside)

02-12-2019 14:52

(ឡុងដ៍)៖ របាយការណ៍ថ្មីមួយរបស់អង្គការ Oxfam បានឱ្យដឹងថាបម្រែបម្រួលអាកាសធាតុ ដែលបង្កជាគ្រោះមហន្តរាយ ធម្មជាតិ បានបង្ខំឱ្យមនុស្ស ២០លាននាក់ ឬស្មើនឹងម្នាក់ក្នុងរយៈពេល២វិនាទី ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ ពួកគេក្នុងមួយឆ្នាំៗ គិតចាប់តាំងពីឆ្នំា២០០៨ ដល់ឆ្នាំ២០១៨។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមរបាយការណ៍ របស់អង្គការ Oxfam ចេញផ្សាយនៅថ្ងៃចន្ទនេះ បម្រែប្រួលអាកាសធាតុ គឺជាបញ្ហាដ៏ធំបំផុត មួយដែលបង្ខំឱ្យមនុស្ស ត្រូវចាកចោលផ្ទះសម្បែង ហើយប្រទេសក្រីក្រគឺរងគ្រោះ និងស្ថិតនៅក្នុងហានិភ័យខ្ពស់ជាងគេ បើទោះជាពួកគេបានបញ្ចេញឧស្ម័នកាបូនិចតិចតួច ជាងបណ្ដាប្រទេសអ្នកមានក៏ដោយ។ គ្រោះមហន្តរាយធម្មជាតិ បង្ខំឱ្យ មនុស្សត្រូវរត់ភៀសខ្លួនច្រើនជាងគេ ក្នុងនោះរួមមានទឹកជំនន់ ខ្យល់ព្យុះ និងភ្លើងឆេះព្រៃជាដើម បើធៀបទៅនឹង បន្ទុះភ្នំភ្លើង និងរញ្ជួយដី ព្រមទាំងសង្គ្រាម។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ថ្មីខាងលើដដែល ប្រទេសមានចំណូលមធ្យម និងទាប បានរងផលប៉ះពាល់ខ្លាំង និងមានចំនួនប្រជាជនជម្លៀសខ្លួនច្រើនជាងគេ ដោយសារតែបម្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ។ ពោលគឺ ច្រើនជាងបណ្ដាប្រទេសអ្នកមាន ហើយបើផ្អែកលើភូមិសាស្ត្រ ប្រជាជន៨០ភាគរយ ត្រូវជម្លៀសខ្លួន គឺរស់នៅក្នុងទី្វបអាស៊ី៕