(ប៉ារីស)៖ កំឡុងចុងសប្តាហ៍កន្លងទៅនេះ មនុស្ស៥នាក់បានបាត់បង់ជីវិត ដោយសារទឹកជំនន់ភាគខាងត្បូងប្រទេសបារាំង ដែលមានការធ្លាក់ភ្លៀងខ្លាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។
យោងតាមការបញ្ជាក់ពីអាជ្ញាធរបារាំង សាកសពបុរសម្នាក់ត្រូវបានគេរកឃើញក្នុងរថយន្តនៅតំបន់ Var នៃបណ្តោយឆ្នេរ French Riviera។ បុរសម្នាក់នោះទំនងជាបានព្យាយាមជិះរថយន្តឆ្លងកាត់កន្លែងទឹកជំនន់ ប៉ុន្តែក៏ស្រាប់តែត្រូវទឹកហូរនាំយកទៅជាមួយ។ រីឯបុរសម្នាក់ទៀតដែលជាម្ចាស់ក្រោលចិញ្ចឹមសេះមួយកន្លែង ត្រូវគេរកឃើញថាបានស្លាប់ បន្ទាប់ពីត្រូវទឹកជន់ហូរនាំយកទៅជាមួយ ពេលកំពុងមើលថែទាំសត្វ។ មនុស្ស៣នាក់ទៀតដែលបានបាត់បង់ជីវិត គឺជាភ្នាក់ងារជួយសង្រ្គោះ ដោយពួកគេបានស្លាប់ ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ ពេលកំពុងជិះបំពេញបេសកកម្មក្នុងតំបន់ Var។ សាកសពអ្នកទាំង៣ត្រូវបានរកឃើញ នៅជាយទីក្រុង Rove ដែលស្ថិតក្បែរតំបន់ Var។
គួរជម្រាបថា នាថ្ងៃអាទិត្យកន្លងទៅនេះ តំបន់ Var និង Alpes-Martitimes ដែលនៅភាគខាងត្បូងប្រទេសបារាំង ត្រូវបានប្រកាសអាសន្ននៅកម្រិតខ្ពស់សម្រាប់ការវាយប្រហារដោយទឹកជំនន់ ដែលបានបង្កការរាំងស្ទះដល់សេវាធ្វើដំណើរតាមរថភ្លើង រួមទាំងផ្លូវហាយវ៉េ A8 ដែលមានចរាចរណ៍យ៉ាងមមាញឹកអស់រយៈពេលប្រមាណជា៤ម៉ោង។ ជាមួយគ្នានេះ ព្រឹត្តិការណ៍វប្បធម៌ និងកីឡាជាច្រើន ក៏ត្រូវបានលុបចោល។ ចំណែក នាចុងសប្តាហ៍មុនមួយទៀតវិញ ការធ្លាក់ភ្លៀងខ្លាំងបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន៦នាក់ នៅតំបន់ Var៕