Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចចរចាពាណិជ្ជកម្មរវាងអាមេរិក និងចិនត្រូវជាប់គាំងហើយព្រោះលោក ដូណាល់ ត្រាំ ចុះហត្ថលេខាដើម្បីលូកលាក់កិច្ចការផ្ទៃក្នុងហុងកុង (Video inside)

02-12-2019 13:03

(វ៉ាស៊ីនតោន)៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនត្រូវបានជាប់គាំង ដោយសារតែការចុះហត្ថលេខារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រុងហុងកុង ដែលចិនចាត់ទុកថា ជាទង្វើលូកលាន់យ៉ាងធ្ងន់ធ្ងរៗចូលកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះបើតាមការដកស្រង់ ការផ្សាយពីសារព័ត៌មាន Axios នៅរសៀលថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩។

សារព័ត៌មាន អាកស៊ីយ៉ូស (Axios) ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពស្និទ្ធនឹងក្រុមមន្ត្រីចរចាពាណិជ្ជម្មរបស់លោក ដូណាល់ ត្រាំ។ បន្ថែមពីលើនេះ ប្រភពដដែលក៏បានបញ្ជាក់ដែរថា ភាពជាប់គាំងនៃកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ក៏ដោយសារតែបច្ចុប្បន្នលោកប្រធានាធិបតីចិន ស៊ី ជិនពីង ត្រូវការពេលវេលា ក្នុងការដោះស្រាយបញ្ហានៅក្នុងស្រុកផងដែរ។ ប៉ុន្តែខាងសេតវិមានមិនទាន់ប្រតិកម្ម នឹងសេចក្ដីរាយការណ៍នេះនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាចុងក្រោយ ដើម្បីឱ្យសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទីក្រុងហុងកុង ក្លាយទៅជាច្បាប់ផ្លូវការមួយ ដែលមានគោលដៅគំាទ្របាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងពិនិត្យមើលក្នុងមួយឆ្នាំម្ដងថា តើទីក្រុងហុងកុងស័ក្តិសមនឹងទទួលបាន ការអនុគ្រោះពាណិជ្ជកម្មពិសេស ពីសហរដ្ឋអាមេរិកដែរឬទេ។ មិនតែប៉ុណ្ណោះច្បាប់នេះ ក៏អនុញាតឱ្យមានការដាក់ទណ្ឌកម្មផងដែរ ក្នុងករណីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ទោះបីជាបែបនេះក្តី ក្រសួងការបរទេសចិនបានថ្កោលទោសយ៉ាងខ្លាំង លើការចុះហត្ថលេខារបស់លោក ដូណាល់ ត្រាំ ដោយចោទថា នេះគឺជាទង្វើលូកលាន់យ៉ាងធ្ងន់ធ្ងន់ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ហើយចិនក៏បានព្រមានផងដែរថា ខ្លួននឹងចាត់វិធានការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់៕