(ហុងកុង)៖ ប៉ូលិសហុងកុង បានសម្រេចចិត្តបាញ់បង្ហូរទឹកភ្នែកលើហ្វូងបាតុករ នៅក្នុងសង្កាត់ Tsim Sha Tsui នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីបាតុកររាប់ពាន់នាក់ លើកគ្នាទៅស្ថានកុងស៊ុលអាមេរិក ដើម្បីសម្ដែងការអរគុណដល់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩។
ក្រុមបាតុករហុងកុង បាននាំគ្នាដើរទៅកាន់ស្ថានកុងស៊ុលអាមេរិក ដើម្បីសម្ដែងការអរគុណដល់លោក ដូណាល់ ត្រាំ សម្រាប់ការផ្ដល់អំណោយដ៏ធំដល់ពួកគេ នោះគឺការចុះហត្ថលេខាលើសេក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធមនុស្សហុងកុង។
នៅក្នុងក្បួនដង្ហែររបស់ខ្លួន ក្រុមបាតុករមួយចំនួនបាននាំគ្នាគ្រវីទង់ជាតិអាមេរិក និងលើកផ្ទាំងបដាដែលសរសេរ ប្រយោគ អាចបកប្រែជាភាសាខ្មែថា៖« លោកប្រធានាធិបតី ដូណាល់ ត្រាំ, សូមជួយរំដោះហុងកុងផង» ហើយ។ បន្ថែមពីលើនេះ ក្រុមបាតុករមួយចំនួនក៏បានស្រែកអរគុណដល់លោក ត្រាំ ផងដែរ។ «អរណគុណ លោក ប្រធានាធិបតី ត្រាំ សម្រាប់អំណោយដ៏ធំរបស់អ្នកដល់ ទីក្រុងហុងកុង ហើយសង្ឃឹមថាព្រះជាម្ចាស់នឹងប្រទានពរ ដល់អាមេរិក»។ នេះជាពាក្យស្លោកអរគុណរបស់ក្រុមបាតុករ។
លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ បានចុះហត្ថលេខា ដើម្បីឱ្យសេចក្ដីព្រាងច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទីក្រុងហុងកុង ក្លាយទៅជាច្បាប់មួយមានគោលដៅគំាទ្របាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ និងពិនិត្យមើលក្នុងមួយ ឆ្នាំម្ដងថាតើទីក្រុងហុងកុង ស័ក្តិសមនឹងទទួលបានការអនុគ្រោះពាណិជ្ជកម្មពិសេស ពីសហរដ្ឋអាមេរិក ដែរឬទេ។ មិនតែប៉ុណ្ណោះ ច្បាប់នេះក៏អនុញាតឱ្យមានការដាក់ទណ្ឌកម្មផងដែរ ក្នុងករណីមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
គួរជម្រាបថា បើតាមលេខាធិការសន្តិសុខហុងកុង លោក John Lee ប៉ូលិសហុងកុងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ជាង១០,០០០ គ្រាប់ ចាប់តាំងពីខែមិថុនាមក ហើយគិតត្រឹមសប្ដាហ៍មុន មនុស្ស១,១០០នាក់ ក៏ត្រូវបានចាប់ខ្លួន ផងដែរ ខណៈបាតុកម្ម និងអំពើហិង្សា នៅតែបន្តកើតឡើង៕