Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងពេលតែពីរថ្ងៃ! ក្រុមឧទ្ទាមហ៊ូទីយ៉េមែន បាញ់ទម្លាក់យន្ដហោះដ្រូនផលិតដោយចិន និងឧទ្ធម្ភាគចក្រផលិតដោយអាមេរិក

01-12-2019 10:01

(យ៉េមែន)៖ ក្រុមឧទ្ទាមហ៊ូទីមានអ៊ីរ៉ង់ជាខ្នងបង្អែក បានអះអាងថាខ្លួនបានបាញ់យន្ដហោះដ្រូនស៊ើបការណ៍មួយគ្រឿង នៅក្នុង ដែនអាកាសនៃភាគខាងជើង ប្រទេសយ៉េមែន តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររបស់អារ៉ាប៊ីសាអូឌីត ទិញពី​សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩។

នៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យក្រុមឧទ្ទាមហ៊ូទីម្នាក់ឈ្មោះ យ៉ាស់យ៉ា សារ៉េអា (Yahya Sarea) បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រព័ន្ធការពារដែនអាកាសយ៉េមែន មានសមត្ថភាព និងបានបាញ់ទម្លាក់យន្ដហោះដ្រូន ស៊ើបការណ៍ Wing Loong មួយគ្រឿងផលិតដោយប្រទេសចិន នៅឯស្រុក Hiran នៃខេត្ត Hajjah កំឡុងពេលយន្ដហោះនេះ កំពុងធ្វើសកម្មភាពអរិភាព»។ ប៉ុន្តែ ទីក្រុងប៉េកាំង មិនទាន់ទទួលស្គាល់ព័ត៌មាននេះទេ ខណៈលោក យ៉ាស់យ៉ា ឱ្យដឹងថាវីដេអូនៃ ការបាញ់ទម្លាក់យន្ដហោះដ្រូននេះនឹងត្រូវបញ្ចេញក្នុងពេលឆាប់ៗ។

គួរជម្រាបថា កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមឧទ្ទាមហ៊ូទី ក៏បានអះអាងថាខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Apache មួយគ្រឿង របស់អារ៉ាប៊ីសាអូឌីត ដែលទិញពីសហរដ្ឋអាមេរិកផងដែរ ដោយផ្ដាច់ជីវិតពីឡុតពីរនាក់៕