(ប៉េកាំង)៖ ប្រជាជននៅក្នុងប្រទេសចិន ត្រូវបានតម្រូវឱ្យស្កែនមុខរបស់ពួកគេ នៅពេលចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទដៃថ្មី ខណៈអាជ្ញាធរកំពុងព្យាយាមបញ្ជាក់ពីអត្តសញ្ញាណអ្នកប្រើប្រាស់អ៊ីនធើណិត រាប់រយលាននាក់នៅក្នុងប្រទេស។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩។

ច្បាប់ថ្មីខាងលើដែលត្រូវបានប្រកាសកាលពីខែកញ្ញាកន្លងទៅ នឹងត្រូវចូលជាធរមាននៅថ្ងៃអាទិត្យនេះ ជាមួយការតម្រូវឱ្យ អ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទដៃថ្មី ស្កែនមុខរបស់ខ្លួន បន្ថែមលើពីអត្តសញ្ញាណប័ណ្ណ និងការថតរូប ដើម្បីងាយស្រួល បញ្ជាក់ពីអត្តសញ្ញាណ។ ប៉ុន្តែទន្ទឹមគ្នា អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើន បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចក្រែងមានការលួចទន្និន័យផ្ទាល់ខ្លួនរបស់ពួកគេ បើទោះជាសារព័ត៌មានរដ្ឋចិនធ្លាប់បានបញ្ជាក់ថាច្បាប់ថ្មីនេះ នឹង មិនបង្កបញ្ហាអ្វីក៏ដោយ។

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលទីក្រុងប៉េកាំង ច្បាប់តម្រូវឱ្យមានការស្កែនមុខសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដៃ គឺមានគោលបំណងការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍ប្រជាជនចិន នៅក្នុងវិស័យព័ត៌មានវិទ្យា ខណៈការប្រើប្រាស់បច្ចេកវិទ្យានេះនៅតែត្រូវបានមជ្ឈដ្ឋានជាច្រើនបង្ហាញការសង្ស័យជុំវិញការលួចទិន្នន័យឯកជន ឬឃ្លាំមើលអ្នកប្រើប្រាស់ ទូរស័ព្ទដៃ ជាដើម៕