(បាកដាដ)៖ ការតវ៉ានៅក្នុងទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ នៅតែបន្តយ៉ាងក្តៅគគុកដដែល ឈានមកដល់ថ្ងៃសៅរ៍សប្តាហ៍នេះ បើទោះបីជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌីល អាប់ឌុល ម៉ាហ៍ឌី (Adil Abdul-Mahdi) បានប្រកាសរួចហើយថា លោកនឹងលាលែងចេញពីតំណែងក៏ដោយ ខណៈបាតុកម្ម និងការបង្ក្រាបជិតពីរខែមកនេះ បានផ្តាច់ជីវិតមនុស្សជាង ៤២០នាក់ និង ១៥,០០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
បាតុកម្មនៅប្រទេសអ៊ីរ៉ាក់បានផ្ទុះឡើង តាំងតែពីដើមខែតុលាមកម្ល៉េះ ដោយបាតុករទាំងអស់មានការខឹងសម្បារចំពោះវិបត្តិសេដ្ឋកិច្ច កង្វះការងារធ្វើ និងភាពពុករលួយរបស់រដ្ឋាភិបាលជាដើម។ ដោយសារតែការបង្ក្រាបដំបូង ពីសំណាក់កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់កាលពីខែតុលា បានធ្វើឲ្យមនុស្សមួយចំនួនបាត់បង់ជីវិតនោះ វាបានក្លាយជាការដុតកំហឹងឲ្យក្រុមបាតុករ ប្រមូលផ្តុំគ្នាតវ៉ាកាន់តែច្រើនស្ទើរទូទាំងប្រទេស ជាពិសេសនៅក្នុងរដ្ឋធានីបាកដាដតែម្តង។
គួរបញ្ជាក់ថា លោក Abdul-Mahdi បានប្រកាសការលាលែងពីតំណែង នៅលើប៉ុស្តិ៍ទូរទស្សន៍រដ្ឋនៃប្រទេសអ៊ីរ៉ាក់ ក្រោយកងកម្លាំងការពារសន្តិសុខអ៊ីរ៉ាក់ បានបាញ់សម្លាប់ក្រុមបាតុករជាង ៤០នាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ព្រោះតែពួកគេបានតវ៉ាបិទស្ពាន និងដុតបំផ្លាញស្ថានកុងស៊ុលមួយកន្លែងរបស់អ៊ីរ៉ង់។
លោក Abdul-Mahdi បានប្រាប់ថា លោកនឹងស្នើឲ្យសភាទទួលយកពាក្យសុំ លាលែងពីតំណែងជាប្រមុខរដ្ឋាភិបាលបច្ចុប្បន្ន។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ច្បាស់ថា នឹងចុះពីតំណែងនៅថ្ងៃណាឲ្យប្រាកដឡើយ ប៉ុន្តែសភាអ៊ីរ៉ាក់នឹងត្រូវបើកកិច្ចប្រជុំមួយថ្ងៃអាទិត្យស្អែកនេះតែម្តង៕