(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកចង់ឲ្យសមាជិកទាំងអស់របស់ NATO បង្កើនការចំណាយថវិកាឲ្យដល់ ២% នៃ GDP (ប្រាក់ចំណូលក្នុងស្រុកសរុបក្នុងមួយឆ្នាំ) របស់ពួកគេ ដើម្បីទ្រទ្រង់អង្គការសន្តិសុខនេះចាប់ពីឆ្នាំ២០២៤ ខណៈកំឡុងប៉ុន្មានឆ្នាំខាងមុខនេះសមាជិកទាំងអស់អាចរក្សា ការចំណាយរបស់ខ្លួនដូចមុនដដែល។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកនាំពាក្យសេតវិមានអាមេរិក បានបញ្ជាក់នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «យោងលើន័យនេះ យើងអំពាវនាវឲ្យសមាជិកអង្គការ NATO ទាំងអស់ត្រៀមបង្កើនការចំណាយ លើវិស័យការពារសន្តិសុខ ដោយអនុលោមទៅតាមសេចក្តីសម្រេចនានា ដែលត្រូវបានធ្វើនៅក្នុងកិច្ចប្រជុំកំពូលក្នុងប្រទេសវែលស៍ (Wales)។ កាលពីឆ្នាំ២០១៦ មានតែសមាជិកចំនួន ០៤ ប៉ុណ្ណោះដែលបានចំណាយ ២% នៃ GDP របស់ពួកគេ ទៅលើវិស័យការពារនេះ ហើយឥឡូវយើងឃើញសមាជិកចំនួន ០៩ ឬអាចច្រើនជាងនេះទៀត នឹងសម្រេចកិច្ចការនេះឲ្យបាននៅឆ្នាំ២០២៤...»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះសារព័ត៌មាន CNN ដោយផ្អែកលើមន្ត្រីក្រសួងការពារជាតិអាមេរិកម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អាមេរិកនឹងកាត់បន្ថយការចូលរួមចំណែក ក្នុងការផ្ដល់ហិរញ្ញវត្ថុដល់អង្គការ NATO និងសង្ឃឹមថា បណ្ដាប្រទេសជាសមាជិកដទៃ អាចនឹងបំពេញបន្ថែមនូវឱនភាពកញ្ចប់ថវិកា របស់ប្លុកយោធាដ៏ធំមួយនេះបាន។ មន្ត្រីសម្ងាត់ដដែលបានបញ្ជាក់ទៀតថា សេតវិមានមានបំណងកាត់បន្ថយ ការចំណាយមកនៅត្រឹម ១៦ភាគរយនៃកញ្ចប់ថវិការសរុបសម្រាប់អង្គការ NATO ខណៈអាល្លឺម៉ង់ចូលរួមចំណែក ១៤.៨ភាគរយ។
បើតាមសារព័ត៌មាន CNN ដដែល បច្ចុប្បន្នសហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញវត្ថុ ២២ភាគរយ នៃកញ្ចប់ថវិកា NATO ដែលមានសមាជិកចំនួន ២៩ប្រទេសហើយការចំណាយទាំងនេះ គឺផ្ដោតទៅលើការថែទាំទីស្នាក់ការ សន្តិសុខ និងប្រតិបត្តិការយោធារួមគ្នាមួយចំនួនផងដែរ។ ប៉ុន្តែខាងសេតវិមាននៅតែមិនទាន់អត្ថាធិប្បាយណាមួយ ជុំវិញសេចក្ដីរាយការណ៍នេះនៅឡើយទេ៕