(កងបេរ៉ា)៖ មកទល់ពេលនេះ អូស្រ្តាលីនៅតែមិនអាចទទួលបានសំណងសម្រាប់ការឆេះយន្តហោះចម្បាំងមួយគ្រឿង កាលពីដើមឆ្នាំមុន ដែលខ្លួនបានទិញមកពីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
កំឡុងការធ្វើសមយុទ្ធរួមគ្នាមួយជាមួយកងទ័ពអាកាសអាមេរិក នៅរដ្ឋ Nevada កាលពីខែមករា ឆ្នាំ២០១៨ យន្តហោះចម្បាំង EA-18G Growler មួយគ្រឿងរបស់កងទ័ពអាកាសអូស្រ្តាលី ត្រូវបានភ្លើងឆាបឆេះដែលបង្កឲ្យរងការខូចខាតយ៉ាងធ្ងន់ ពេលកំពុងព្យាយាមហោះឡើងចេញទៅកាន់ផ្ទៃអាកាស។ ចាប់តាំងតែពីនោះមក រដ្ឋាភិបាលអូស្រ្តាលីបានព្យាយាមទាមទារសំណងពីយោធាអាមេរិក សម្រាបការបាត់បង់យន្តហោះចម្បាំងដែលមួយគ្រឿងតម្លៃ៨៥លានដុល្លារនេះ។ យ៉ាងណាមិញ បើតាមមន្រ្តីយោធាអូស្រ្តាលី លោក Greg Hoffman ថ្លែងនៅចំពោះមុខគណៈកម្មាធិការក្នុងព្រឹទ្ធសភាអូស្រ្តាលីកាលពីថ្ងៃសុក្រសប្តាហ៍នេះ គោលជំហរអាមេរិកនៅតែដដែល គឺគ្មានការផ្តល់សំណងអ្វីឡើយ។
គួរជម្រាបថា យន្តហោះចម្បាំងខាងលើ ស្ថិតក្នុងចំណោមយន្តហោះចម្បាំង Growler សរុបចំនួន១២គ្រឿង ដែលទីក្រុងកង់បេរ៉ាបានទិញពីទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំ២០១៧។ កាលពីថ្ងៃសុក្រដដែល មន្រ្តីយោធាជើងទឹកអូស្រ្តាលីម្នាក់បានប្រាប់ព្រឹទ្ធសភាអូស្រ្តាលីអំពីថវិកាចំនួន១៥២ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងទិញក្រុមនាវាមុជទឹកប្រយុទ្ធស៊េរីថ្មី១២គ្រឿងពីបារាំងផងដែរ។ កាលពី៣ឆ្នាំមុន តម្លៃប៉ាន់ស្មានសម្រាប់ការទិញនាវាមុជទឹកទាំងនោះគឺត្រឹម៣៣.៨ពាន់លានដុល្លារ ប៉ុន្តែបានកើនដល់៥៤ពាន់លានដុល្លារ បូកនិង៩៨ពាន់លានដុល្លារទៀត សម្រាប់ការមើលថែទាំនិងបង្កើនសមត្ថភាពពួកវារហូតដល់ឆ្នាំ២០៨០៕