(ហុងកុង)៖ ទីបំផុតការប្រឈមមុខដាក់គ្នាប៉ុន្មានសប្តាហ៍មកនេះ រវាងក្រុមបាតុករនិងប៉ូលិសនៅឯសាកលវិទ្យាល័យពហុបច្ចេកទេស PolyU ក្នុងទីក្រុងហុងកុង បានបិទបញ្ចប់ទៅហើយ ខណៈអាជ្ញាធរកំពុងត្រៀមរៀបចំជួសជុល ក៏ដូចជាបើកដំណើរការកន្លែងអប់រំនេះឡើងវិញ តែ អាចត្រូវប្រើពេលយូរខែ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រោយពីក្រុមបាតុករដែលនៅសេសសល់ បានសុខចិត្តចាកចេញពីសាកលវិទ្យាល័យ PolyU ជាទីដែលពួកគេបានយកធ្វើជាមូលដ្ឋានដើម្បី ធ្វើសកម្មភាពតវ៉ា ក៏ដូចជាវាយប្រហារប្រឆាំងមកលើប៉ូលិសហុងកុង អស់រយៈពេលប្រមាណ២សប្តាហ៍កន្លងមកនេះ អាជ្ញាធរបានរកឃើញ គ្រាប់បែកសាំងចំនួន៣,៩៨៩ដប រួមជាមួយដបផ្ទុកអាស៊ីត៦០១ដប គ្រឿងផ្ទុះកែច្នៃ១,៣៣៩បំណែក និងអាវុធប្រមាណ៥៧៣ប្រដាប់ ដែល រួមមានដូចជាញញួរ កាំភ្លើងខ្យល់ ធ្នូ គ្រាប់ព្រួញ និងឧបករណ៍សម្រាប់បាញ់ផ្លោងដុំឥដ្ឋិ។ រីឯទិដ្ឋភាពនៃបរិវេណសាកលវិទ្យាល័យ គឺពោរ ពេញដោយ បំណែកកញ្ចក់ ដែកគោល ដុំឥដ្ឋ ព្រមទាំងរបស់របរនិងកម្ទេចកម្ទីផ្សេងៗជាច្រើន ដែលនៅរាយប៉ាយ។ បើតាមការប៉ាន់ស្មាន សាកលវិទ្យាល័យនេះ អាចត្រូវការពេល៥-៦ខែ ដើម្បីជួសជុលការខូចខាត។
គួរជម្រាបថា ក្រុមបាតុករសរុបជាង១,០០០នាក់ ត្រូវបានចាប់ខ្លួន ក្រោយចាកចេញពីសាកលវិទ្យាល័យ PolyU ដោយសន្តិវិធី ប៉ុន្តែបើតាម សាកលវិទ្យាធិការសាលានេះ គឺលោក Teng Jin-guang ក្នុងចំណោមនោះ មាននិស្សិតរបស់សាកលវិទ្យាល័យផ្ទាល់ មិនដល់៥០នាក់ទេ។ ជាមួយគ្នានេះដែរ បើទោះបីជាការប្រឈមមុខគ្នាយ៉ាងតានតឹងនៅសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុងបានបញ្ចប់ក៏ដោយ សកម្មភាព ធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងហុងកុង ដែលបានចាប់ផ្តើមឡើងកាលពីពាក់កណ្តាលឆ្នាំនេះ នៅមិនទាន់ចប់ឡើយ៕