(អាមេរិក)៖ យោងតាមផែនទីរបស់វែបសាយ Downdetector អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ភាគច្រើននៅតំបន់ភាគខាងកើតរបស់សហរដ្ឋអាមេរិក និងតំបន់មួយចំនួននៅប្រទេសជប៉ុន ព្រមទាំងចក្រភពអង់គ្លេស កំពុងជួបបញ្ហាក្នុងការប្រើប្រាស់កម្មវិធី Twitter។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រៅពីនេះអ្នកប្រើប្រាស់នៅតំបន់អាមេរិកឡាទីន និងសហភាពអឺរ៉ុប ក៏មានបញ្ហាក្នុងការចូលប្រើកម្មវិធី បណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះ។ អ្នកប្រើប្រាស់ Twitter មួយចំនួនមានបញ្ហាក្នុងការបើកចូលទៅក្នុងវែបសាយកម្មវិធីនេះ រីឯការបើកចូលតាមស្មាតហ្វូនរបស់ពួកគេទាំងប្រភេទ iOS និង Android ក៏សុទ្ធតែបានបញ្ហាដូចគ្នា។ សម្រាប់អ្នកដែលអាចបើកចូលបានវិញ ជាច្រើននាក់បានរាយការណ៍ថា ពួកគេពិបាកក្នុងការបង្ហោះសារគឺមានលោត Error មករហូត។ បើតាមរបាយការណ៍ត្រីមាសទី១នៃឆ្នាំ២០១៩ Twitter មានអ្នកប្រើប្រាស់ជាសកម្មប្រចាំខែនៅ ជុំវិញពិភពលោកមានចំនួនប្រមាណ ៣៣០លាននាក់។
គួរជម្រាបថា ប៉ុន្មានថ្ងៃមុននេះបណ្តាញទំនាក់ទំនងសង្គម Facebook និង Instagram ក៏បានជួបបញ្ហារាំងស្ទះស្រដៀងគ្នាដែរ នៅចំថ្ងៃដែលសហរដ្ឋអាមេរិកប្រារព្ធពិធីបុណ្យ ដ៏ធំប្រចាំឆ្នាំគឺ Thanksgiving។ រីឯកាលពីខែកក្កដា ឆ្នាំ២០១៩ Facebook, Instagram និង WhatsApp ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនតែមួយ បានគាំងដំណើរការជិតមួយថ្ងៃពេញ៕