(ឡុងដ៍)៖ ប៉ូលិសអង់គ្លេសបានផ្តល់ព័ត៌មានបន្ថែមថា ករណីចាក់មនុស្សនៅលើស្ពានដ៏ល្បីឈ្មោះមួយប្រចាំទីក្រុងឡុងដ៍ បានបណ្តាលឲ្យ ជនរងគ្រោះ ០២នាក់បាត់បង់ជីវិត និង ០៣នាក់នាក់ទទួលរងរបួស រីឯជនដៃដល់ដែលត្រូវប៉ូលិសបាញ់នោះ ក៏បានស្លាប់ដែរ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជនដៃដល់ដែលបានធ្វើសកម្មភាពចាក់មនុស្ស កាលពីរសៀលថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុងទីក្រុងឡុងដ៍) នៅលើស្ពាន London Bridge នោះមានឈ្មោះ យូសមែន ខាន់ (Usman Khan) អាយុ ២៨ឆ្នាំ គឺជាអតីតអ្នកទោសពាក់ព័ន្ធបទល្មើសភេរវកម្ម ដែលទើបត្រូវបានដោះលែង តែស្ថិតក្រោមការតាមដានកាលពីចុងឆ្នាំមុន។ ជនដៃដល់រូបនោះត្រូវបានអាជ្ញាធរអង់គ្លេសបាញ់ស្លាប់ បន្ទាប់ពីត្រូវមហាជនព្រួតគ្នាបញ្ឈប់សកម្មភាព ហើយប៉ូលិសទីក្រុងឡុងដ៍ បានប្រកាសករណីវាយប្រហារនេះថា ជាហេតុការណ៍ភេរវកម្ម។
ដោយឡែកនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថា វត្តមានប៉ូលិសល្បាតនៅតាមដងផ្លូវនឹងត្រូវបង្កើន ដើម្បីឆ្លើយតបចំពោះករណីវាយប្រហារខាងលើ។ បើតាមប៉ូលិសអង់គ្លេស កំឡុងដំណាក់កាលស៊ើបអង្កេតជំហានបឋមនេះ ពុំមានជនណាផ្សេងទៀត ដែលជាមុខសញ្ញាសង្ស័យ ពាក់ព័ន្ធករណីភេវកម្មនេះឡើយ។
គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ ករណីវាយប្រហារមួយផ្សេងទៀត ធ្លាប់បានកើតឡើងនៅលើស្ពាន London Bridge ដែល គ្រានោះមនុស្ស ០៨នាក់បានបាត់បង់ជីវិត និងជាច្រើននាក់បានរងរបួស៕