(ម៉ូស្គូ)៖ ទីបំផុតដំណើរការសាងសង់ស្ពានមួយខ្សែឆ្លងកាត់ដងទន្លេ Amur ដែលតភ្ជាប់រវាងប្រទេសរុស្ស៊ីនិងចិន ត្រូវបានសម្រេចរួច រាល់ជាស្ថាពរហើយ នៅឯតំបន់ចុងបូព៌ារបស់រុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅយប់ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ស្ពានខាងលើដែលជា មួយខ្សែដំបូងតភ្ជាប់ប្រទេសជិតខាងទាំងពីរ ត្រូវគេរំពឹងថានឹងជួយលើកកម្ពស់ចំណងសេដ្ឋកិច្ចទ្វេភាគី។ ស្ពាននោះតភ្ជាប់រវាងទីក្រុង Heihe នៅភាគខាងជើងចិន និងទីក្រុង Blagoveshchensk នៅចុងភាគខាងកើតនៃដែនដីរុស្ស៊ី ខណៈ ទីក្រុងទាំងពីរនៅត្រើយម្ខាងម្នាក់នៃទន្លេ Amur ដែលចិនហៅថា Heilongjiang ហើយវាមានប្រវែងជាង១គីឡូម៉ែត្រ និងជាផ្នែកនៃ គម្រោងផ្លូវហាយវ៉េដែលមានប្រវែងសរុប១៩.៩គីឡូម៉ែត្រ។
គួរជម្រាបថា គម្រោងខាងលើមានទំហំ៣០០លានដុល្លារ និងត្រូវបានចាប់ផ្តើមឡើងកាលពីខែធ្នូ ឆ្នាំ២០១៦។ ខណៈដំណើរការ សាងសង់ស្ពានបានចប់រួចរាល់អស់ហើយនៅពេលនេះ ការសម្ពោធត្រូវបានកំណត់ថានឹងរៀបចំឡើងនៅខែមេសា ឆ្នាំ២០២០។ យោងតាមការយល់ឃើញរបស់រដ្ឋមន្រ្តីរុស្ស៊ីទទួលបន្ទុកការអភិវឌ្ឍនៅតំបន់ចុងបូព៌ា គម្រោងស្ពាននិងផ្លូវហាយវ៉េនេះ នឹងអាច ជួយ ជំរុញលំហូរពាណិជ្ជកម្មព្រមទាំងសន្ទុះវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ៕