(ឌូបៃ)៖ ស្ថាប័នប៉ូលិសនៃទីក្រុងឌូបៃ របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានបញ្ចេញនូវម៉ូដរថយន្តល្បាតដ៏ទំនើបរបស់ខ្លួន ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជារថយន្ត Tesla Cybertruck របស់មហាសេដ្ឋីអាមេរិកលោក អេឡុន ម៉ាសក៍ (Elon Musk) ដែលទើបត្រូវបានបញ្ចេញនាពេលថ្មីៗកន្លងទៅនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមលោក អាប់ឌូលឡាហ៍ អាល់ម៉ារី (Abdullah Khalifa Al Marri) អគ្គមេបញ្ជាការនៃកងកម្លាំងប៉ូលិសទីក្រុងឌូបៃបានឲ្យដឹងថា ក្បួនរថយន្តប៉ូលិសប្រណិតខាងលើនេះ នឹងជួយបង្កើនប្រសិទ្ធភាពក្នុងប្រតិបត្តិការការពារសន្តិសុខ ជាពិសេសវានឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ឲ្យដូចអគារខ្ពស់ដ៏ល្បីល្បាញលេខ ១ លើលោក ប៊ឺចខាលីហ្វា (Burj Khalifa) និងតំបន់ពិសេសៗដ៏ប្រណិតផ្សេងទៀតនៅឌូបៃ។
គួរបញ្ជាក់ថា គេនៅមិនទាន់ដឹងអំពីចំនួនរថយន្ត Cybertruck ដែលស្ថាប័នប៉ូលិសទីក្រុងឌូបៃបានបញ្ជាទិញពីក្រុមហ៊ុន Tesla នោះឡើយ ខណៈការផលិតរថយន្ត Cybertruck ត្រូវបានក្រុមហ៊ុននេះអះអាងថា នឹងត្រូវចាប់ផ្តើមយ៉ាងហោចណាស់នៅឆ្នាំ២០២១ ឬឆ្នាំ២០២២ ឯណោះ។ ទោះបីជាបែបនេះក្តី លោក Elon Musk ទើបតែបានអះអាងថា រថយន្តនេះមានគេកក់ទិញសរុប ២០០,០០០គ្រឿងហើយនៅទូទាំងពិភពលោក៕