(ម៉ាល់ឌីវ)៖ លោក Abdulla Yameen ដែលជាអតីតប្រធានាធិបតីម៉ាល់ឌីវ ត្រូវបានតុលាការនៃប្រទេសដីកោះនៅមហាសមុទ្រឥណ្ឌានេះ សម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ដោយសារបទល្មើសលាងលុយកខ្វក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចៅក្រមតុលាការព្រហ្មទណ្ឌរបស់ម៉ាល់ឌីវ គឺលោក Ali Rasheed ដែលទទួលបន្ទុកកាត់ក្តីសំណុំរឿងខាងលើ បានសម្រេចសេចក្តីថា លោក Abdulla Yameen ពិតជាមានទោសដូចការចោទប្រកាន់មែន។ លោក Yameen ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ ដោយលោកជាប់សង្ស័យថា ទទួលបានលុយរបស់រដ្ឋចំនួន១លានដុល្លារ តាមរយៈក្រុមហ៊ុនឯកជនមួយ នៅក្រោមផ្នែកនៃកិច្ចសន្យាជួលកោះមួយចំនួនសម្រាប់ការអភិវឌ្ឍសណ្ឋាគារ។
គួរជម្រាបថា បន្ថែមពីលើការកាត់ក្តីឲ្យជាប់ពន្ធនាគារ៥ឆ្នាំ លោក Yameen ក៏ត្រូវបង់ប្រាក់ពិន័យចំនួន៥លានដុល្លារផ្សេងទៀតផងដែរ។ ដោយឡែក ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីម៉ាល់ឌីវរូបនេះ ក៏បានប្រមែប្រមូលគ្នានៅមុខតុលាការ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាចំពោះរឿងក្តីនេះ ហើយបានស្រែកទាមទារឲ្យមានការដោះលែងលោក Yameen។ លោក Abdulla Yameen ធ្លាប់មានតំណែងជាប្រធានាធិបតីម៉ាល់ឌីវទី៦ ចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៨។ លោកបានចាកចេញពីតំណែងនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយទទួលបរាជ័យក្នុងការបោះឆ្នោត៕