(បាកដាដ)៖ គិតចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះមក កងកម្លាំងការពារសន្តិសុខនៅប្រទេសអ៊ីរ៉ាក់ បានបាញ់ក្រុមបាតុករស្លាប់យ៉ាងហោច ៤៥នាក់ និងជាង ១៥០នាក់រងរបួស បន្ទាប់ពីមានការចូលលុកលុយ និងដុតបំផ្លាញស្ថានកុងស៊ុលអ៊ីរ៉ង់មួយកន្លែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងចំណោមនោះ ២៩នាក់បានស្លាប់ក្នុងទីក្រុងណាសស៊ីរីយ៉ា (Nassiriya) ភាគខាងត្បូង នៅពេលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ប្រើកាំភ្លើងបាញ់លើក្រុមបាតុករ ដែលបាននាំគ្នាបិទស្ពានមួយខ្សែ ហើយក្រោយមកនាំគ្នាទៅប្រមូលផ្តុំ នៅខាងក្រៅស្ថានីយប៉ូលិសមួយកន្លែង។ ចំណែកមនុស្ស ១២នាក់ទៀតបានបាត់បង់ជីវិត ក្នុងទីក្រុង ណាចាហ្វ (Najaf) នៅពេលកងកម្លាំងអ៊ីរ៉ាក់ធ្វើការបង្រ្កាបលើក្រុមបាតុករ ដែលបានដុតស្ថានកុងស៊ុលអ៊ីរ៉ង់ រីឯបាតុករ ០៤នាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខនៅរដ្ឋធានីបាកដាដ។ បន្ថែមពីលើអ្នកបាត់បង់ជីវិត មនុស្សជាង ១៥២នាក់ទៀតបានរងរបួស។
ពាក់ព័ន្ធសកម្មភាពដុតបំផ្លាញស្ថានកុងស៊ុលរបស់អ៊ីរ៉ង់នៅឯទីក្រុង Najaf ទាំងរដ្ឋាភិបាលទីក្រុងបាកដាដ និងទីក្រុងតេហេរ៉ង់សុទ្ធតែបាន ថ្កោលទោសចំពោះទង្វើនេះ ហើយកាលពីថ្ងៃព្រហស្បតិ៍អ៊ីរ៉ង់ក៏បានសម្រេចបិទច្រកព្រំដែន ម៉េហ៍រ៉ាន (Mehran) ជាមួយអ៊ីរ៉ាក់ជាបណ្តោះអាសន្នផងដែរ ក្រោមហេតុផលសន្តិសុខ។ កាលពីប៉ុន្មានសប្តាហ៍មុន ស្ថានកុងស៊ុលអ៊ីរ៉ង់មួយកន្លែងទៀតនៅអ៊ីរ៉ាក់ ក៏បានក្លាយជាគោលដៅវាយប្រហារ របស់ក្រុមបាតុករអ៊ីរ៉ាក់ដែរ។
គួរជម្រាបថា បាតុកម្មហិង្សាបានបន្តផ្ទុះឡើងនៅទីក្រុងបាកដាដ និងតំបន់ដទៃទៀតនៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ ចាប់តាំងតែពីដើមខែ តុលា ឆ្នាំ២០១៩នេះ ហើយគិតមកដល់ឥឡូវមនុស្សសរុបជាង ៣៥០នាក់បានបាត់បង់ជីវិត និងប្រមាណ ១៥,០០០នាក់បានរងរបួស៕