(សេអ៊ូល)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានសម្តែងការពេញចិត្តជាខ្លាំង ចំពោះលទ្ធផលនៃការបាញ់សាកល្បងប្រព័ន្ធមីស៊ីលកាលពីម្សិលមិញ ខណៈវាក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសហគមន៍អន្តរជាតិផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទីភ្នាក់ងារព័ត៌មាន KCNA បានលើកឡើងដូច្នេះថា «ការបាញ់តេស្តមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មានគោលដៅវាយតម្លៃទៅលើសមត្ថភាព នៃប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតបានច្រើនគ្រាប់របស់យើង ហើយវាបានបង្ហាញឲ្យឃើញជាថ្មីម្តងទៀត នូវឧត្តមភាពផ្នែកបច្ចេកទេស និងការពារជាតិរបស់ប្រព័ន្ធសព្វាវុធនេះ រួមជាមួយភាពគួរឲ្យទុកចិត្តបានយ៉ាងរឹងមាំរបស់វា»។ បើតាម KCNA លោក គីម ជុងអ៊ុន ដែលជាប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង បានសម្តែងការពេញចិត្តជាខ្លាំង ចំពោះលទ្ធផលនៃការធ្វើតេស្ត។
យោងតាមការអះអាងរបស់យោធាកូរ៉េខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចម្ងាយខ្លី២គ្រាប់ចេញ ពីទីក្រុងយ៉ុនប៉ូ (Yeonpo) នៃខេត្តហាំក្យុងខាងត្បូង (Hamgyong) ចូល ទៅក្នុងសមុទ្រខាងកើត (សមុទ្រជប៉ុន)។ មីស៊ីលទាំង២គ្រាប់ហោះ បានចម្ងាយ៣៨០គីឡូម៉ែត្រ និងកម្ពស់៩៧គីឡូម៉ែត្រ ។ កាលពីខែសីហា កញ្ញា និងតុលា កន្លងទៅ ទីក្រុងព្យុងយ៉ាងក៏បានសាកល្បងសព្វាវុធរបស់ខ្លួន ក្នុងលក្ខណៈស្រដៀងគ្នានេះដែរ។
អ្នកជំនាញមួយចំនួនយល់ថា ការបាញ់សាកល្បងមីស៊ីលលើកនេះ ជាសារមួយផ្ញើជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រំា ដើម្បីក្រើនរំលឹកពីកាលបរិច្ឆេទដែលលោក គីម បានកំណត់ត្រឹមចុងឆ្នាំ២០១៩នេះ ជុំវិញកិច្ចចរចានុយក្លេអ៊ែរ សំដៅបញ្ជៀសកុំឱ្យស្ថានភាពនៅលើឧបទ្វីបកូរ៉េ វិលត្រឡប់ទៅរកស្ថានការណ៍ដូចឆ្នាំ២០១៧ ជាពេលដែលទីក្រុងព្យុងយ៉ាងបាញ់បោះមីស៊ីល និងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់៕