(បរទេស)៖ ឧបករណ៍ VR Oculus Go របស់ក្រុមហ៊ុន Oculus កំពុងតែទាក់ទាញចំណាប់អារម្មណ៍ អ្នកដែលមានបំណងចង់ទទួលបានបទ ពិសោធន៍នៃការរុករកនៅទីអវកាសក្នុងលក្ខណៈស្ទើរដូចពិតៗ នៅសហរដ្ឋអាមេរិក ជាមួយការបញ្ចុះតម្លៃពិសេសក្នុងថ្ងៃហូលីដេ។ នេះបើតាមការចេញផ្សាយដោយ Space នាព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឧបករណ៍ VR Oculus Go នេះមានកម្មវិធី និងហ្គេមរាប់រយ ហើយភាគច្រើនគឺមិនគិតថ្លៃនោះឡើយ។ អ្នកអាចលេងហ្គេមពាក់ព័ន្ធទីអវកាស ឬក៏សិក្សាស្វែងយល់អំពីការហ្វឹកហាត់ និងបេសកកម្មនីមួយៗរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA។ ចំណុចពិសេសមួយទៀត អ្នកក៏អាចសាកល្បងទទួលយកបទពិសោធន៍ នៃបេសកកម្មជាប្រវត្តិសាស្រ្តទៅកាន់ឋានព្រះច័ន្ទ គឺ Apollo 11។ តាមរយៈការប្រើប្រាស់ឧបករណ៍ VR (Virtual Reality) នេះអ្នកនឹងមានអារម្មណ៍ដូចអង្គុយនៅយានអវកាស ដើម្បីជិះគ្រាប់រ៉ុក្កែតចេញពីផែនដី ឆ្ពោះទៅកាន់ព្រះច័ន្ទដោយផ្ទាល់ពិតៗយ៉ាងដូច្នោះ។
គួរជម្រាបថា ឧបករណ៍ VR Oculus Go ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Oculus VR ក្រោមការសហការជាមួយក្រុមហ៊ុន Qualcomm និងក្រុមហ៊ុនចិន Xiaomi ហើយវាត្រូវបានដាក់លក់ដំបូងកាលពីខែឧសភា ឆ្នាំ២០១៨។ Oculus ក៏ជាក្រុមហ៊ុនសម្ព័ន្ធមួយ របស់ Facebook ផងដែរដោយមានទិសដៅ បង្កើនអ្នកប្រើប្រាស់បច្ចេកវិទ្យា VR ប្រកបដោយគុណភាពខ្ពស់ ចាប់ពីឆ្នាំ២០២០ឡើងទៅ ទាំងផ្នែកហ្គេម និងការកម្សាន្តនៅក្នុងចក្រវាឡប្លែកៗ៕