(សេអ៊ូល)៖ កូរ៉េខាងជើងបានបាញ់សាកល្បងដោយជោគជ័យ នូវមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ ចេញពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ដែលទំនងជាសារមួយក្រើនរំលឹកដល់លោក ដូណាល់ ត្រាំ នាឱកាសបុណ្យ Thanksgiving ពីការដាក់ឱសានវាទរបស់ លោក គីម ជុងអ៊ុន នៅត្រឹមចុងឆ្នាំ២០១៩ នេះពាក់ព័ន្ធនឹងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
សារព័ត៌មានយ៉ុនហាប់ ផ្អែកលើសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា ការធ្វើតេស្ដមីស៊ីលកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ពីលោក គីម ជុងអ៊ុន។ មិនតែប៉ុណ្ណោ លោក គីម ក៏បានបង្ហាញពីការពេញចិត្តពេញថ្លើម ចំពោះជោគជ័យនៃការធ្វើតេស្ដមីស៊ីលនេះដែរ ខណៈអ្នកជំនាញមួយចំនួនយល់ថា ការបាញ់សាកល្បងមីស៊ីលនេះជាសារមួយផ្ញើជូនលោក ដូណាល់ ត្រំា ដើម្បីក្រើនរំលឹកពីកាលបរិច្ឆេទដែលលោក គីម កំណត់ត្រឹមចុងឆ្នាំ២០១៩នេះ ជុំវិញកិច្ចចរចានុយក្លេអ៊ែរ សំដៅបញ្ជៀសកុំឱ្យស្ថានភាពនៅលើឧបទ្វីបកូរ៉េ វិលត្រឡប់ទៅរកស្ថានការណ៍ដូចឆ្នាំ២០១៧ ជាពេលដែលទីក្រុងព្យុងយ៉ាងបាញ់បោះមីស៊ីល និងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់។
គួរបញ្ជាក់ថា បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ បានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីពីរគ្រាប់ ចេញពីទីក្រុងយ៉ុនប៉ូ (Yeonpo) នៃខេត្ត ហាំក្យុងខាងត្បូអ (Hamgyong) ឆ្ពោះទៅកាន់សមុទ្រជប៉ុនដោយមីស៊ីលទាំង ២ នេះហោះបានចំងាយ ៣៨០គីឡូម៉ែត្រ និងរយៈកម្ពស់ ៩៧គីឡូម៉ែត្រ៕