(ប៉េកាំង)៖ ក្រុមហ៊ុននៃកម្មវិធីចែករំលែកវីដេអូដ៏ល្បីរបស់ចិន TikTok បានទទួលស្គាល់ថា វីដេអូឃ្លីបមួយបង្ហាញពីយុវតីជនជាតិអាមេរិកម្នាក់ និយាយរិះគន់ និងចោទប្រកាន់លើរដ្ឋាភិបាលទីក្រុងប៉េកាំងអំពីការជិះជាន់សិទ្ធិជនជាតិម៉ូស្លីមភាគតិច នៅតំបន់ស្វយ័ត Xinjiang របស់ចិន ពិតជាត្រូវបានលុបចោលមួយភ្លែតមែន ហើយក្រុមហ៊ុនក៏បានសុំទោសយុវតីម្នាក់នោះដែលជាម្ចាស់ឃ្លីបផងដែរ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងឃ្លីបវីដេអូ TikTok មួយដែលឥឡូវមានការទស្សនាចំនួនជាង១.៦លានដង យុវតីមូស្លីមរស់នៅអាមេរិកឈ្មោះ Feroza Aziz បាន ចាប់ផ្តើមដំបូងជាមួយការនិយាយ រៀបរាប់ អំពីការតុបតែងរោមភ្នែកឯណោះទេ ប៉ុន្តែយុវតីរូបនោះក៏ស្រាប់តែបានផ្លាស់ប្តូរប្រធានបទភ្លាមៗ ទៅជាការរិះគន់និងចោទប្រកាន់ រដ្ឋាភិបាលទីក្រុងប៉េកាំងអំពីការគាបសង្កត់សិទ្ធិជនជាតិម៉ូស្លីម Uighur និងជនជាតិភាគតិចដទៃទៀត នៅតំបន់ចុងភាគពាយ័ព្យនៃប្រទេស ចិន។
ក្នុងសប្តាហ៍នេះ យុវតី Aziz បានប្រាប់ថា នាងត្រូវបានរារាំងមិនឲ្យបង្ហោះវីដេអូនៅលើកម្មវិធី TikTok ទៀតឡើយ សម្រាប់រយៈពេល ១ខែ ក្រោយការបង្ហោះឃ្លីបវីដេអូខាងលើ ហើយកាលពីថ្ងៃពុធសប្តាហ៍នេះ នាងក៏បានគូសបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា ឃ្លីប នោះត្រូវបាន TikTok លុបចោលបាត់ហើយ។
ដោយឡែក ក្រុមហ៊ុន TikTok បានចេញមុខបកស្រាយថា ក្រុមហ៊ុនមិនបានដាក់បម្រាមយុវតីនោះឡើយ ប៉ុន្តែវីដេអូ ពិតជាត្រូវបានលុបចោលមួយភ្លែតមែន តែដោយសារបញ្ហាបច្ចេកទេសប៉ុណ្ណោះ មិនមែនដោយចេតនាទេ ដ្បិតគោលការណ៍របស់កម្មវិធីមិនហាមឃាត់ការបង្ហោះវីដេអូ ដែលមាន ខ្លីមសារបែបនេះនោះឡើយ។ យ៉ាងណា ក្រុមហ៊ុន TikTok ក៏បានសុំទោសដល់យុវតី Aziz ដែលជាម្ចាស់ឃ្លីបវីដេអូផងដែរ ហើយបញ្ជាក់ថាវីដេអូនោះអាចទស្សនាបានជាធម្មតា។ យ៉ាងណាមិញ យុវតីមូស្លីមអាយុ១៧ឆ្នាំនេះមិនជឿថា វាពុំមានពាក់ព័ន្ធនឹងការដែលរូបនាងរិះគន់រដ្ឋាភិបាលចិនជុំវិញបញ្ហានៅតំបន់ Xinjiang ឡើយ៕