(អាល់បានី)៖ ចំនួនមនុស្សស្លាប់ក្នុងករណីគ្រោះរញ្ជួយផែនដី ដ៏ក្រើកនៅប្រទេសអាល់បានី បានកើនឡើងដល់ ៤០នាក់នៅថ្ងៃព្រហស្បតិ៍នេះបន្ទាប់សាកសពមនុស្ស ១០នាក់បន្ថែមទៀតត្រូវបានគេរកឃើញ និងទាញចេញពីគំនរអគារដួលរលំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រសួងការពារជាតិអាល់បានីបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា សាកសពជនរងគ្រោះចំនួន ១០នាក់ទៀតត្រូវបានរកឃើញនាវេលាយប់ថ្ងៃពុធ កំឡុងប្រតិបត្តិការជួយសង្រ្គោះ ដែលប្រការនេះធ្វើឲ្យតួលេខសរុបនៃអ្នកស្លាប់ ក្នុងគ្រោះមហន្តរាយរញ្ជួយដីកើនដល់ ៤០នាក់។ ក្រៅពីអ្នកបាត់បង់ជីវិតប្រជាជនអាល់បានីជាង ៦៥០នាក់ផ្សេងទៀត ក៏បានទទួលរងរបួសផងដែរ។
ប្រទេសអាល់បានីបានរងការវាយប្រហារ ដោយគ្រោះរញ្ជួយដីដែលមានកម្រិតធ្ងន់ ៦.៤រ៉ិចទ័រ នៅរដ្ឋធានីទីរ៉ាណា (Tirana) និងនៅទីក្រុងឌួររែស (Durres)។ វាមានជម្រៅ ១០គីឡូម៉ែត្រក្រោមផ្ទៃដី និងមានចំណុចរំញ័រនៅចម្ងាយ ៣០គីឡូម៉ែត្រពីរដ្ឋធានី Tirana។
គួរជម្រាបថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើបានកើតឡើងជាលើកទី ២ នៅក្នុងប្រទេសអាល់បានីនារយៈពេល ០២ខែមកនេះដោយកាលពីថ្ងៃទី២១ ខែកញ្ញា គ្រោះរញ្ជួយដីមួយទៀតកម្រិត ៥.៦រ៉ិចទ័រ ក៏ធ្លាប់បានវាយប្រហារលើប្រទេសក្នុងតំបន់បាល់កង់នេះផងដែរ ជាមួយការបំផ្លាញ និងធ្វើឱ្យខូចខាតផ្ទះជាង ៥០០ខ្នង៕