Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីរ៉ង់ចាប់ខ្លួនបណ្ដាញចារកម្មអាមេរិក CIA ៨នាក់ ពាក់ព័ន្ធនឹងបាតុកម្មប្រឆាំងសាំងឡើងថ្លៃ (Video inside)

28-11-2019 15:02

(តេហេរ៉ង់)៖ ទីភ្នាក់ងារសន្តិសុខអ៊ីរ៉ង់ បានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់៨នាក់ ដែលមានជាប់ពាក់ព័ន្ធ នឹងទីភ្នាក់ងារចារកម្មអាមេរិក CIA កំឡុងបាតុកម្មតវ៉ាដ៏ហិង្សាមួយប្រឆាំងនឹងការដំឡើងតម្លៃប្រេងសាំង កាលពីសប្ដាហ៍មុន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ដកស្រង់ការផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

សារព័ត៌មានអ៊ីរ៉ង់ IRNA ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពពីមន្ត្រីស៊ើបការណ៍សំងាត់យោធាអ៊ីរ៉ង់ ដែលបានបញ្ជាក់ផងដែរថាមនុស្ស៦នាក់ ត្រូវបានចាប់ខ្លួនកំឡុងពេលចូលរួមក្នុងបាតុកម្មតវ៉ា ក្រោមការបញ្ជាពី CIA អាមេរិក រីឯមនុស្ស២នាក់ផ្សេងទៀត ត្រូវចាប់ខ្លួនពេលព្យាយាមបញ្ជូនព័ត៌មានទៅក្រៅប្រទេស។ ប៉ុន្តែ ខាងទីក្រុង វ៉ាស៊ីនតោន មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ។

គួរជម្រាបថា មកទល់នឹងពេលនេះ រដ្ឋាភិបាលអ៊ីរ៉ង់ មិនទាន់ផ្ដល់ព័ត៌មានពីចំនួនអ្នកស្លាប់ ឬអ្នករងរបួស នៅក្នុងការ ប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមបាតុករ និងកម្លាំងសន្តិសុខ ដែលផ្ទុះឡើងក្រោយតម្លៃប្រេងសាំងកើនឡើង ៥០ភាគរយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា នោះទេ។ ប៉ុន្តែ បើតាម អង្គការលើកលែងទោសអន្តរជាតិ Amnesty International មនុស្សដល់ទៅ១៤៣នាក់ឯណោះ បានបាត់បង់ជីវិតក្នុងបាតុកម្មតវ៉ានេះ៕