(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ បើសិនជាសហរដ្ឋអាមេរិកនៅតែបន្តលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចុះហត្ថលេខាដើម្បីឱ្យ សេចក្ដីព្រាងច្បាប់គាំទ្របាតុករប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង ក្លាយទៅជា «ច្បាប់» យ៉ាងពេញលេញ។ នេះបើតាមការដកស្រង់ចេញផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិនក៏បានចាត់ទុកផងដែរថា ការចុះហត្ថលេខារបស់លោក ដូណាល់ ត្រាំ គឺជាការជ្រៀកជ្រែកយ៉ាងធ្ងន់ធ្ងរ ចូលកិច្ចការផ្ទៃក្នុងទីក្រុងហុងកុង និងប្រទេសចិន។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ធម្មជាតិនៃរឿងនេះ គឺគួរឱ្យស្អប់ខ្ពើមជាទីបំផុត និងជាចេតនាបង្កការបំផ្លិចបំផ្លាញសុទ្ធសាធ»។ ប៉ុន្តែក្រសួងការបរទេសចិនមិនបានបញ្ជាក់លម្អិតថា នឹងចាត់វិធានការបែបណានោះទេ ខណៈទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពាណិជ្ជកម្ម។
គួរជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រុងហុងកុង ត្រូវបានអនុម័តដោយព្រឹទ្ធសភា និងសភាតំណាងរាស្ត្រអាមេរិក ហើយតាមរយៈការចុះហត្ថលេខារបស់លោក ដូណាល់ ត្រាំ វានឹងក្លាយទៅជាច្បាប់ដែល តម្រូវឱ្យក្រសួងការបរទេសអាមេរិក ធ្វើការត្រួតពិនិត្យ ឬបញ្ជាក់ក្នុងមួយឆ្នាំម្ដងថា តើទីក្រុងហុងកុងមានស្វ័យភាពពេញលេញ ដើម្បីទទួលបានការអនុគ្រោះពាណិជ្ជកម្មពិសេស ពីសហរដ្ឋអាមេរិកដែរឬទេ។
ច្បាប់នេះក៏ព្រមានដាក់ទណ្ឌកម្មផងដែរ សម្រាប់ការរំលោភសិទ្ធិមនុស្ស ហើយលើសពីនេះទៅទៀត លោក ត្រាំ ថែមទាំងបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ទី ២ ទៀតផងដោយមានគោលដៅ «ហាមឃាត់ការលក់អាវុធមួយចំនួនឱ្យប៉ូលិសហុងកុង» ក្នុងនោះមានដូចជា គ្រាប់កាំភ្លើងជ័រ ម្សៅម្រេច ឧស្ម័នបង្ហូរទឹកភ្នែក និងសម្ភារៈមួយចំនួនដែលអាចយកទៅប្រើប្រាស់ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមបាតុករជាដើម៕