(អាហ្សង់ទីន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់អាហ្សង់ទីន លោក Alberto Fernandez បាននិយាយថា លោកមិនមានបំណងប្រើប្រាស់ថវិកា​ចំនួន១២ពាន់លានដុល្លារ ដែលនៅសល់ក្នុងកញ្ចប់ជំនួយដែលអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានផ្តល់ឲ្យប្រទេសអាមេរិកឡាទីន​នេះខ្ចី កាលពីឆ្នាំមុនឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាលពីចុងខែមិថុនា ឆ្នាំ២០១៨ អង្គការ IMF បានសម្រេចផ្តល់ឥណទានទំហំ៥០ពាន់លានដុល្លារឲ្យមកប្រទេសអាហ្សង់ទីន បានបង្កើន​ទំហំ​កម្ចីរបស់អាហ្សង់ទីនដល់៥៦.៣ពាន់លានដុល្លារនៅខែតុលា​ ឆ្នាំដដែល។ ដោយឡែក គិតត្រឹមពេលនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ​បានផ្ទេរថវិកាសរុបចំនួន៤៤ពាន់លានដុល្លារមកឲ្យដល់ដៃអាហ្សង់ទីន ដោយនៅសល់ប្រមាណជា១២ពាន់លានដុល្លារទៀត ក្នុងកម្មវិធីកម្ចី​នេះ។ កំឡុងការផ្តល់បទសម្ភាសន៍មួយលោក Fernandez បានប្រាប់ថា រដ្ឋាភិបាលលោកនឹងចុះកិច្ចព្រមព្រៀងមួយ ដែលនឹងលុបចោលការ​បន្តទទួលប្រាក់កម្ចីពីអង្គការ IMF។

គួរជម្រាបថា កាលពីសប្តាហ៍មុននេះ លោក Alberto Fernandez ដែលនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីអាហ្សង់ទីនផ្លូវការ នៅ​ថ្ងៃទី១០ ខែធ្នូ ខាងមុខ ក្រោយការជាប់ឆ្នោតកាលពីចុងខែតុលាកន្លងទៅ បានគូសបញ្ជាក់ថា បើទោះបីជាអាហ្សង់ទីនកំពុងតែឆ្លងកាត់ពេល​វេលាលំបាកលំបិនយ៉ាងណាក្តី ប្រទេសនេះនឹងនៅតែអាចស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហានានា ហើយដោះបំណុលដែលខ្លួន​ជំពាក់អង្គការ IMF ព្រមទាំងម្ចាស់កម្ចីឯទៀតៗ៕