(ប៉េកាំង)៖ ប្រទេសចិននាថ្ងៃពុធនេះបានលើកឡើងថា សំណើរបស់សហភាពអឺរ៉ុប (EU) ស្តីពីគម្រោងចង់បង្កើតប្រព័ន្ធពន្ធហៅថា Carbon Border Tax នោះនឹងបង្កផលប៉ះពាល់ជាខ្លាំង ដល់ឆន្ទៈរួមរបស់សហគមន៍អន្តរជាតិ ក្នុងការចាត់វិធានការប្រឆាំងបញ្ហាបម្រែបម្រួល អាកាសធាតុសកល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
កាលពីខែតុលាកន្លងទៅ ឧត្តមស្នងការទទួលបន្ទុកបញ្ហាអាកាសធាតុរបស់ EU លោក Frans Timmermans បាននិយាយថា ការស្រាវជ្រាវនឹងចាប់ផ្តើមទៅលើគម្រោងពន្ធថ្មីខាងលើ ដែលមានគោលដៅការពារក្រុមហ៊ុនរបស់អឺរ៉ុប ពីការប្រកួតប្រជែងដែលពុំមានតម្លាភាព តាមរយៈការដំឡើងតម្លៃផលិតផលមកពីប្រទេសទាំងឡាយណា ដែលមិនអាចចាត់វិធានការគ្រប់គ្រាន់ ប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
ថ្លែងពាក់ព័ន្ធគម្រោងខាងលើ លោក Zhao Yingman អនុរដ្ឋមន្រ្តីបរិស្ថានចិនបាននិយាយថា សំណើរបស់សហភាពអឺរ៉ុប បូករួមជាមួយការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស នឹងបំផ្លាញកិច្ចប្រឹងប្រែងអន្តរជាតិ ក្នុងការរួមគ្នាទប់ស្កាត់ការកើនឡើងកម្តៅសកល។
គួរជម្រាបថា បើតាមលោក Zhao ផែនការពន្ធខាងលើ ច្បាស់ជានឹងដំឡើងតម្លៃទំនិញភាគច្រើនរបស់ចិននៅក្នុងទីផ្សារអឺរ៉ុប ហើយវានឹងរំលោភលើគោលការណ៍ស្នូល នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកដែលបានចែងថា ប្រទេសអ្នកមានៗគួរតែទទួលបន្ទុកច្រើនជាងគេ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕