(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុនអូកឃ្យូឡឹស (Oculus) របស់ Facebook បានឱ្យដឹងថា ខ្លួនបានទិញយក studio ផលិតហ្គេមអាចបង្ហាញដូចរូបភាពពិតៗ ឬជាកម្មវិធីដែលមានឈ្មោះថា Beat Saber របស់ក្រុមអភិវឌ្ឍន៍ហ្គេម Beat Games ខណៈខ្លួនកំពុងសម្លឹងមើលការពង្រីកបច្ចេកវិទ្យា VR ទៅកាន់អតិថិជនទៅកាន់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងសារបង្ហោះលើប្លុករបស់ខ្លួន ក្រុមហ៊ុន Oculus បានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្រុមអភិវឌ្ឍន៍ Beat Games បានចូលរួមជាមួយនឹងពួកយើងហើយ ដើម្បីនាំយកបច្ចេកវិទ្យា VR ទៅមនុស្សនៅទូទាំងពិភពលោក»។ ប៉ុន្តែក្រុមហ៊ុនមួយនេះមិនបានបញ្ជាក់ ពីចំនួនទឹកប្រាក់នៃកិច្ចព្រមព្រៀងទិញយកកម្មវិធី និង Studio របស់ «Beat Saber» នោះទេ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិភាគមួយចំនួន ក្រុមហ៊ុន Oculus អាចនឹងលក់ឧបករណ៍ VR Oculus Quest ឥតខ្សែបាន ១.៣លានគ្រឿងក្នុងឆ្នាំ២០១៩ នេះ។ VR Oculus Quest ទើបតែត្រូវបានដាក់លក់កាលពីឆ្នាំមុនតែប៉ុណ្ណោះ ដោយវាគឺជាប្រភេទឧបករណ៍ហ្គេម VR ដែលគ្មានខ្សែ និងគ្មានបំពាក់ជាមួយកុំព្យូទ័រ ព្រោះវាគ្រាន់តែជាកាស និងឧបករណ៍បញ្ជា ដែលអាចនាំអ្នកចូលទៅក្នុងពិភពលោកផ្សេងមួយទៀត។
សម្រាប់ការប្រឹងប្រឹងអភិវឌ្ឍបច្ចេកវិទ្យា VR ឬ Virtual Reality គឺជាទិសដៅថ្មីរបស់ស្ថាបនិក Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) ក្នុងការពង្រីកឥទ្ធិពលនៃការកម្សាន្តបែបរំភើប តាមរយៈការអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ទៅកាន់គ្រប់ទីកន្លែងដោយអង្គុយនៅមួយកន្លែង (Horizon virtual world) ហើយ Facebook នឹងដាក់វាឲ្យសាកល្បងនៅឆ្នាំ២០២០៕