(ហាណូយ)៖ សាកសពមនុស្ស ១៦ដំបូងនៃជនរងគ្រោះវៀតណាមទាំង ៣៩នាក់ ដែលត្រូវគេរកឃើញក្នុងទូរកុងតឺន័រនៅចក្រភពអង់គ្លេស កាលពីខែតុលាកន្លងទៅ ឥឡូវត្រូវបានដឹកមកដល់ប្រទេសកំណើតវិញហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
សាកសពជងរងគ្រោះសរុបចំនួន ១៦នាក់ ត្រូវបានបញ្ជូនមកដល់វៀតណាម តាមជើងហោះហើររបស់អាកាសចរណ៍វៀតណាម Vietnam Airlines មានគោលដៅពីទីក្រុងឡុងដ៍ ឆ្ពោះមកកាន់ទីក្រុងហាណូយ។ ជនរងគ្រោះទាំង ១៦នាក់នោះ មានដើមកំណើតមកពីខេត្តចំនួន ០៣ផ្សេងគ្នា នៅភាគកណ្តាលប្រទេសវៀតណាម រួមមានខេត្ត ងេអាន (Nghe An), ហាទិញ (Ha Tinh) និង ក្វាងប៊ិញ (Quang Binh)។
សាកសពទាំងអស់ខាងលើនេះ នឹងត្រូវប្រគល់ឲ្យគ្រួសាររបស់ពួកគេក្នុងថ្ងៃពុធនេះតែម្តង ដើម្បីរៀបចំបុណ្យសពតាមប្រពៃណី បន្ទាប់ពីដឹកមកដល់កាលពីប៉ុន្មានម៉ោងមុន។ ចំណែកសាកសពជនរងគ្រោះដែលនៅសេសសល់ត្រូវគេរំពឹងថា ក៏នឹងមកដល់ប្រទេសកំណើតវិញជាបន្តបន្ទាប់ផងដែរ ប៉ុន្តែពុំមានការបញ្ជាក់ពីកាលបរិច្ឆេទឲ្យដឹងជាសាធារណៈឡើយ។
គួរជម្រាបថា កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅនេះ សាកសពមនុស្សប្រុសចំនួន ៣១នាក់ និងស្រ្តី ០៨នាក់ ត្រូវបានអាជ្ញាធរអង់គ្លេសប្រទះឃើញនៅក្នុងទូរកុងតឺន័រក្លាសេ នៃរថយន្តមួយគ្រឿង ដែលចតចោលនៅតំបន់អ៊ីសសិក (Essex) ក្បែរទីក្រុងឡុងដ៍។ ពីដំបូងឡើយមានការសង្ស័យថា ជនរងគ្រោះទាំងនោះគឺជាជនជាតិចិន ប៉ុន្តែក្រោយមកបន្តិចនោះ ក្រុមគ្រួសារមួយចំនួននៅប្រទេសវៀតណាម បានចេញមុខសម្តែងក្តីបារម្ភថា អាចមានសាច់ញាតិរបស់ពួកគេក្នុងចំណោមនោះ។ ជុំវិញករណីនេះមនុស្សយ៉ាងតិច ១០នាក់ ត្រូវបានចាប់ខ្លួននៅវៀតណាម ខណៈមួយចំនួនទៀតត្រូវបានចាប់ខ្លួននៅចក្រភពអង់គ្លេស។
ដោយឡែក ក្រៅពីការចំណាយលុយរាប់ពាន់ដុល្លារ ដើម្បីព្យាយាមបញ្ជូនសាច់ញាតិខ្លួន ឲ្យឆ្លងដែនខុសច្បាប់ចូលទៅចក្រភពអង់គ្លេស ឥឡូវក្រុមគ្រួសារវៀតណាមទាំងនោះ ឥឡូវត្រូវបង្ខំចិត្តជាប់បំណុលរដ្ឋាភិបាលកាន់តែធ្ងន់ថែមទៀត ដើម្បីខ្ចីប្រាក់នាំយកសាកសពសាច់ញាតិខ្លួនត្រឡប់មកវិញ។ ពួកគេត្រូវបានផ្តល់ជម្រើសឲ្យពីរ រួមមានកម្ចីចំនួន ១,៧៧៤ដុល្លារអាមេរិក ដើម្បីនាំយកត្រឹមធាតុមកវិញ ឬមួយក៏កម្ចីចំនួន ២,៨៥៨ដុល្លារអាមេរិក សម្រាប់ថ្លៃមឈូសដឹកសាកសព ខណៈភាគច្រើនរើសយកជម្រើសទី ២ ដ្បិតការបូជាមិនសូវគេនិយមអនុវត្តនៅតាមទីជនបទ នៃប្រទេសវៀតណាមឡើយ៕