(ប៊ូសាន)៖ ក្រុមហ៊ុនផលិតរថយន្ដកូរ៉េខាងត្បូង Hyundai Motor នៅថ្ងៃអង្គារនេះ បានប្រកាសថាខ្លូននឹងសាងសង់ រោងចក្រផលិតរថយន្ដ ក្នុងប្រទេសឥណ្ឌូណេស៊ី នៅឆ្នាំ២០២១ ជាមួយទុនវិនិយោគន១.៥៥ពាន់លានដុល្លារ ដើម្បី ប្រកួតប្រជែងក្នុងទីផ្សាររថយន្ដអាស៊ីអាគ្នេយ៍ ដែលកំពុងគ្រប់គ្រងដោយជប៉ុន។
ការសម្រេចចិត្តវិនិយោគខាងលើធ្វើឡើង ខណៈក្រុមហ៊ុន Hyundai Motor កំពុងធ្វើការងារលើការស្វែងរកទីផ្សារថ្មី និងការលក់ចេញ ក្នុងបរិបទដែលឧស្សហកម្មរថយន្ដសកលមានកំណើនយឺតយ៉ាវ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនផលិត រថយន្ដកូរ៉េខាងត្បូងមួយនេះ មិនទាន់មានរោងចក្រផលិតណាមួយនៅក្នុងប្រទេសជាសមាជិកអាស៊ាន នៅឡើយទេ ដែលនេះធ្វើឱ្យការលក់របស់ខ្លួននៅតែមានភាពទន់ខ្សោយជាងជប៉ុន។
ការប្រកាសពីគម្រោងបង្កើតរោងចក្រផលិតរថយន្ដនៅឥណ្ឌូណេស៊ី ត្រូវបានធ្វើឡើង ក្នុងពិធីចុះហត្ថលេខាលើ កិច្ចសន្យាវិនិយោគរវាងអនុប្រធានប្រតិបតិ្តក្រុមហ៊ុន Hyundai លោក Chung Euisun និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅឯរោចក្រដ៏សំខាន់របស់ក្រុមហ៊ុននៅឯទីក្រុង Ulsan ស្ថិតនៅចំងាយ៤១៤គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូល។
គួរបញ្ជាក់ថា ទីផ្សាររថយន្ដអាស៊ាន ត្រូវបានគេរំពឹងថានឹងកើនឡើងពី ៣.១៦លានគ្រឿង ដល់៤.៤៩លានគ្រឿង នៅឆ្នាំ២០២៦។ ឥណ្ឌូណេស៊ី គឺជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី៤លើពិភពលោក (២៧០លាននាក់) និងជាទីផ្សារថយន្ដដ៏ធំបំផុតមួយក្នុងតំបន់អាស៊ាន ជាមួយការលក់រថយន្ដ១.១៥លានគ្រឿងកាលពីឆ្នាំ២០១៨៕