(ប៊ូសាន)៖ កូរ៉េខាងត្បូង និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន,ASEAN) បានបើកទំព័រថ្មីមួយនៃទំនាក់ទំនង យុទ្ធសាស្ត្ររបស់ពួកគេ នៅក្នុងកិច្ចប្រជុំកំពូលពិសេសប្រកបដោយជោគជ័យ នៅឯទីក្រុងប៊ូសាន ជាទីដែលភាគីទាំងពីរ បានឯកភាពគ្នាលើ «ចក្ខុវិស័យសហវិបុលភាពដោយផ្ដោតសំខាន់លើប្រជាជន»។
ក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ អាស៊ាន-កូរ៉េខាងត្បូង លោកប្រធានាធិបតី លោក មូន ចេអ៊ីន ក៏បានប្រកាស ដាក់ចេញផងដែរនូវគោលនយោបាយភាគខាងត្បូងថ្មី New Southern Policy។ ការប្រកាសដាក់ចេញ គោលនយោបាយនេះ ធ្វើឡើងចំពេលទីក្រុងសេអ៊ូល កំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយជប៉ុន ក៏ដូចជា ជម្លោះខាងការទូតជាមួយចិន ដោយសារតែការពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាសអាមេរិក THAAD នៅលើ
ទឹកដីកូរ៉េខាងត្បូង និងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន ជុំវិញការបង្កើនការចំណាយលើកងទ័ពអាមេរិក ដែលកំពុងឈរជើង លើឧបទ្វីបកូរ៉េជាដើម។
គួរបញ្ជាក់ថា លទ្ធផលធំបំផុត នៅក្នុងកិច្ចប្រជុំកំពូលពិសេសនៅទីក្រុងប៊ូសាន នោះគឺកូរ៉េខាងត្បូង និងអាស៊ាន បាន ឯកភាពលើផែនការមួយសម្រាប់ភាពជាដៃគូនៅពេលអនាគត ដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមស្ដីពីចក្ខុវិស័យ ដើម្បីសន្តិភាព វិបុលភាព និងភាពជាដៃគូ៕