(ឡុងដ៍)៖ ក្រុមការងារនៃបេសកកម្មឋានព្រះច័ន្ទ Chang'e-4 របស់ប្រទេសចិន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទទួលបានមេដាយ Team Gold Medal ប្រចាំឆ្នាំ២០១៩នេះ ពីសំណាក់វិទ្យាស្ថាន Royal Aeronautical Society (RAeS) របស់ចក្រភពអង់គ្លេស។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
មេដាយខាងលើដែលប្រគល់ទៅឲ្យក្រុមការងារចិនខាងលើ ដឹកនាំដោយលោក Wu Weiren ប្រធានផ្នែករចនានៃគម្រោង បេសកកកម្មរុករក នៅឋានព្រះច័ន្ទរបស់ប្រទេសចិន គឺជាពានរង្វាន់ដំបូងបំផុតដែលវិទ្យាស្ថានដ៏ល្បីនេះ បានប្រគល់ទៅឲ្យក្រុមការងារដែលមកពីចិន គិតតាំង តែពីស្ថាប័ននេះបានចាប់កំណើតឡើងកាលពីជាង១៥០ឆ្នាំមុន។ ជាការឆ្លើយតប លោក Wu បានសម្តែងការអរគុណចំពោះវិទ្យាស្ថាន RAeS និងបង្ហាញការស្វាគមន៍ឲ្យប្រទេសនិងអង្គការច្រើនបន្ថែមទៀត មកសហការជាមួយចិន ដើម្បីរួមគ្នាចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងរបស់ មនុស្សលោកយើង ដើម្បីបន្តស្រាវជ្រាវរុករកនៅទីអវកាស ហើយបង្កើតរបកគំហើញថ្មីតទៅមុខទៀត។
គួរជម្រាបថា យាននៃបេសកកម្ម Chang'e-4 របស់ចិន បានធ្វើការចុះចតដោយជោគជ័យនៅរណ្តៅអាចម៍ផ្កាយ Von Karman កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។ ប្រការនេះធ្វើឲ្យចិនក្លាយជាប្រទេសដំបូងគេ ដែលមានយាននៅផ្ទៃចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ ដែលពីមុនមកមិន ធ្លាប់ មានប្រទេសណាផ្សេងចុះទៅរុករកឡើយ។ ចំណែកឯវិទ្យាស្ថាន RAeS ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៨៦៦ គឺជាវិទ្យាស្ថានផ្នែក វិទ្យាសាស្រ្តអាកាសវេហាដ៏ចំណាស់ជាងគេនៅលើពិភពលោក។ កម្មវិធីប្រគល់ពានរង្វាន់ក៏ដូចជាមេដាយប្រឆ្នាំខាងលើនេះ ត្រូវបានរៀបចំ ឡើង ក្រោមគោលបំណងផ្តល់ការទទួលស្គាល់ និងកិត្តិយសចំពោះក្រុមការងារនិងបុគ្គលឆ្នើមៗនៅជុំវិញពិភពលោក ក្នុងវិស័យនេះ៕