(ប៊ូសាន)៖ សម្រាប់សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងរយៈពេល ៣០ឆ្នាំមកនេះ និងអនាគតនៃកិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-អាស៊ាន សម្រាប់រយៈពេល ៣០ឆ្នាំខាងមុខ ត្រូវបានលើកឡើងដោយលោកប្រធានាធិបតី មូន ចេអ៊ីន ក្នុងពិធីថ្លែងសារនៅឯកិច្ចប្រជុំកំពូល ASEAN-ROK CEO។ គោលដៅបីសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េ និងអាស៊ាន ដើម្បីលើកកម្ពស់សហវិបុលភាព ត្រូវបានលើកឡើងនាឱកាសនោះ។
លោកប្រធានាធិបតី មូន បានចូលរួម និងថ្លែងសុន្ទរកថាគន្លឹះនៅឯពិធីបើកកិច្ចប្រជុំកំពូល ASEAN-ROK CEO ដែលប្រព្រឹត្តទៅនៅទីក្រុងប៊ូសាន ក្រោមប្រធានបទ «កិច្ចសហការ និងភារកិច្ចឆ្ពោះទៅរកសហវិបុលភាព ASEAN-ROK CEO នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩»។
ពិធីបើកកិច្ចប្រជុំកំពូលមានការចូលរួមពីបណ្ដាមេដឹកនាំពិភពលោក ក្នុងនោះរួមមាននាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ដែលឆ្នាំនេះជាប្រធានអាស៊ាន, លោក ថុងលួន ស៊ីសួលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីឡាវ និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី (Aung San Suu Kui) ព្រមទាំងក្រុមហ៊ុនចំនួន ២២៥ និងពាណិជ្ជករ ៥០០នាក់មកពីកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន។
ក្នុងនាមជាប្លុកមួយក្នុងតំបន់ អាស៊ានមានសេដ្ឋកិច្ចធំជាងគេបំផុតលំដាប់ទី ៥ នៅលើពិភពលោក។ កូរ៉េខាងត្បូងបាននិងកំពុងបន្តពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន ចាប់តាំងពីការបង្កើតកិច្ចសន្ទនានៅឆ្នាំ១៩៨៩។ ការបង្កើតកិច្ចសន្ទនា បានជំរុញកំណើនពាណិជ្ជកម្មទ្វេភាគីពី ៦.៦ពាន់លានដុល្លារ ដល់ ១៦០ពាន់លានដុល្លារ ហើយការវិនិយោគទៅវិញទៅមកបានកើនពី ១.៨ពាន់លានដុល្លារដល់ ១០ពាន់លានដុល្លារ។ បច្ចុប្បន្នអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំទី ២ សម្រាប់កូរ៉េខាងត្បូង និងគោលដៅវិនិយោគ ធំលំដាប់ទី ៣ ហើយកូរ៉េខាងត្បូងគឺជាដៃគូពាណិជ្ជកម្មធំទី ៥ សម្រាប់អាស៊ាន។
អាស៊ាននាពេលថ្មីៗនេះត្រូវបានទទួលស្គាល់ថា ជាតួអង្គសេដ្ឋកិច្ចសកលថ្មីមួយ ដែលមានប្រជាជន ៦៥០លាននាក់ ច្រើនជាងគេលំដាប់ទី ៣ នៅលើពិភពលោក។ ចំណែកឯយុវជន និងប្រជាជនសកម្មមានអាយុជាមធ្យម ២៩ឆ្នាំ ព្រមទាំងសម្បូរទៅដោយធនធានធម្មជាតិ និងអាត្រាកំណើនខ្ពស់ប្រចាំឆ្នាំ ៥ភាគរយ។ ទន្ទឹមគ្នា កូរ៉េបានប្រកាសដាក់ចេញនូវ គោលនយោបាយភាគខាងត្បូងថ្មី (New Southern policy) ដែលមានគោលដៅពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ឱ្យដល់កម្រិតនៃទំនាក់ទំនង ក្នុងនាមជាដៃគូសំខាន់ទី ៤ របស់កូរ៉េខាងត្បូង ហើយបានដាក់ចេញផងដែរនូវគំនិតផ្ដួចផ្ដើម អាស៊ាន-សាធារណរដ្ឋកូរ៉េ (ASEAN-ROK) ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយអាស៊ាន និងកសាងសហគមន៍មួយផ្ដោតលើប្រជាជន សនិ្តភាព និងវិបុលភាព។
កិច្ចប្រជុំកំពូល CEO នៅក្នុងឆ្នាំនេះ បានផ្ដល់សារៈសំខាន់យ៉ាងខ្លាំងដល់បណ្ដាមេដឹកនាំ និងពាណិជករកូរ៉េ ហើយអាស៊ានបានជួបប្រជុំគ្នា ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលគួរជាទីចង់បាន ពីគោលនយោបាយ New Southern Policy និងគំនិតផ្ដួចផ្ដើម ASEAN-ROK តាមរយៈការវាយតម្លៃលើជោគជ័យនៃភាពជាដៃគូក្នុងរយៈពេល ៣០ឆ្នាំមកនេះ និងស្វែងរកវិធានការបន្ថែមទៀត ដើម្បីកិច្ចសហប្រតិបត្តិការសម្រាប់ ៣០ឆ្នាំបន្ទាប់។
ក្នុងនាមជាកិច្ចប្រជុំមួយដែលផ្ដល់ឱកាសឱ្យសហគមន៍ពាណិជ្ជកម្មមកពីកូរ៉េ និងអាស៊ាន ជួបប្រជុំគ្នាចែករំលែកបទពិសោធន៍ និងចក្ខុវិស័យរបស់ពួកគេ កិច្ចប្រជុំកំពូល CEO Summit ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកក្នុងការបង្កើតគំរូពាណិជ្ជកម្មដ៏ជោគជ័យ និងពង្រឹងតម្លៃខ្សែសង្វាក់សកល (Global Value Chain) រវាងកូរ៉េខាងត្បូង និងអាស៊ាន។
នៅក្នុងសុន្ទរកថា លោកប្រធានាធិបតី មូន បាននិយាយថា កូរ៉ខាងត្បូងបានចូលរួមដោយជោគជ័យក្នុងទំនាក់ទំនងជាមួយអាស៊ាន មកទល់នឹងពេលបច្ចុប្បន្ន ហើយកូរ៉េខាងត្បូងនឹងបន្តធ្វើជាដៃគូដ៏ល្អសម្រាប់អាស៊ាន ក្រោមលក្ខខណ្ឌនៃបទពិសោធន៍ ការប្រកួតប្រជែង និងការប្ដេជ្ញាចិត្តសម្រាប់ភាពជាដៃគូ និងវប្បធម៌នៃការចូលរួម។
បន្ថែមពីលើនេះ លោកប្រធានាធិបតីក៏បានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់ នៃការពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការលើកម្ពស់សហវិបុលភាព កំណើននៃគំនិតច្នៃប្រឌិត និងពង្រឹងការផ្សារភ្ជាប់ សំដៅធ្វើឱ្យទំនាក់ទំនងទ្វេភាគីសេដ្ឋកិច្ច កាន់តែរីកចម្រើនទៅមុខ តាមរយៈការចាប់យកឱកាសពីកិច្ចប្រជុំកំពូល ASEAN-ROK៕