(ប៊ូសាន)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន នាថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះបានសម្តែងការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពរវាងកូរ៉េខាងត្បូង និងអាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាច្រើន រួមមានទាំងបញ្ហាពាណិជ្ជកម្មបែបគាំពារនិយមជាដើម ក្នុងឱកាសដែលលោកបើកកិច្ចប្រជុំកំពូលមួយ ជាមួយបណ្តាមេដឹកនាំនៃប្រទេសអាស៊ាននៅទីក្រុងប៊ូសាន។
នាឱកាសនោះ លោក មូន បានលើកឡើងដូច្នេះថា «យើងកំពុងប្រឈមជាមួយបញ្ហាថ្មីៗ ដូចជាការធ្វើពាណិជ្ជកម្មបែបគាំពារនិយម បទឧក្រិដ្ឋឆ្លងដែន និងបដិវត្តឧស្សាហកម្មដំណាក់កាលទី៤ ជាដើម ហើយមានតែកិច្ចសហប្រតិបត្តិការ និងការរួមសាមគ្គីគ្នាតែប៉ុណ្ណោះ ដែលអាចជម្នះបញ្ហាទាំងអស់នេះបាន។ លោកប្រធានាធិបតីកូរ៉េខាងត្បូងបានបន្តថា «ពួកយើងគួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសនៅពេលដែលយើងមិនដឹងច្បាស់ថា តើអនាគតនៃសម័យបដិវត្តឧស្សាហកម្មដំណាក់កាលទី ៤នេះនឹងទៅជាយ៉ាងណាឲ្យប្រាកដនោះ»។
លោក មូន បានរំលឹកប្រាប់មេដឹកនាំអាស៊ាន នូវបទពិសោធន៍កាលពីអតីតកាល ក្នុងការពុះពារឆ្លងកាត់វិបត្តិរូបិយវត្ថុនៅអាស៊ីខាងកើត និងវិបត្តិហិរញ្ញវត្ថុសកល។ លោក មូន បានគូសបញ្ជាក់ដូច្នេះថា «បើតាមគំនិតខ្ញុំ គឺវាអាចកើតឡើងទៅបាន ដោយសារតែអានុភាពនៃទំនាក់ទំនង និងការជឿទុកចិត្តគ្នា ដែលពួកយើងបានកសាងឡើង ហើយអាស៊ានគឺជាដៃគូដ៏មានតម្លៃមួយរបស់កូរ៉េខាងត្បូង»។
កិច្ចប្រជុំកំពូលខាងលើត្រូវបានរៀបចំឡើង ដើម្បីអបអរខួបឆ្នាំទី ៣០ នៃការចាប់ផ្តើមកិច្ចសន្ទនាទ្វេភាគីរវាងកូរ៉េខាងត្បូង និងអាស៊ាន ហើយវាជាកម្មវិធីការទូតធំជាងគេនៅកូរ៉េខាងត្បូង ដែលធ្វើឡើងក្រោមរដ្ឋបាលលោក មូន ចេអ៊ីន ដែលបានផ្តោតសំខាន់លើគោលនយោបាយទិសខាងត្បូងថ្មី (New Southern Policy)។
កាលពី 0២ឆ្នាំមុន លោក មូន បានប្រកាសអំពីគោលនយោបាយទិសខាងត្បូងថ្មី ដែលមានគោលដៅលើកកម្ពស់ ទំនាក់ទំនងយុទ្ធសាស្រ្តរបស់ទីក្រុងសេអ៊ូល ជាមួយអាស៊ានឲ្យដល់កម្រិតថ្មីមួយ។ មកទល់ពេលនេះលោកក៏បានធ្វើដំណើរទស្សនកិច្ច នៅកាន់ប្រទេសអាស៊ានទាំង ១០ រួចហើយផងដែរ ដើម្បីបង្ហាញឲ្យឃើញជាក់ស្តែងពីការប្តេជ្ញាចិត្តរបស់លោក ចំពោះគោលនយោបាយនេះ។
ក្នុងថ្ងៃនេះ លោក មូន និងបណ្តាមេដឹកនាំអាស៊ានគ្រោងនឹងចេញសេចក្តីថ្លែងការណ៍ ស្តីពីចក្ខុវិស័យរួមគ្នា សម្រាប់អនាគតនៃភាពជាដៃគូកូរ៉េខាងត្បូង-អាស៊ាន។ ការិយាល័យប្រធានាធិបតីរបស់លោក មូន បានលើកឡើងថា កិច្ចប្រជុំកំពូលនៅប៊ូសាននេះនឹងបម្រើជាឱកាសមួយ ដើម្បីពិនិត្យវាយតម្លៃលើការអភិវឌ្ឍ នៃទំនាក់ទំនងរវាងភាគីទាំងពីរក្នុងអំឡុងពេល ៣០ឆ្នាំកន្លងមកនេះ និងជាឱកាសដើម្បីបង្កើតនូវចក្ខុវិស័យរួមនៃកិច្ចសហប្រតិបត្តិការ សម្រាប់រយៈពេល ៣០ឆ្នាំតទៅមុខទៀត។
គួរជម្រាបថា នៅល្ងាចនេះ លោក មូន ចេអ៊ីន នឹងរៀបចំពិធីលៀងសាយភោជន៍ផ្លូវការមួយ ដើម្បីស្វាគមន៍សម្រាប់ការបើកកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-មេគង្គ នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ស្អែកនេះ ជាមួយមេដឹកនៃប្រទេសចំនួន ៥ ដែលនៅជាប់ដងទន្លេមេគង្គ គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕