(អាមេរិក)៖ ក្រុមហ៊ុនផលិតម៉ាស៊ីនរថយន្តធុនធ្ងន់ ធំបំផុតប្រចាំសហរដ្ឋអាមេរិកឈ្មោះ ឃ្យូមមីនស៍ (Cummins) បានជួបប្រទះជាលើកដំបូងនូវការធ្លាក់ចុះផ្នែកពាណិជ្ជកម្មយ៉ាងគំហុក ដែលតម្រូវឲ្យក្រុមហ៊ុនមានមូលដ្ឋានក្នុងទីក្រុងខូឡុំប៊ឹស (Colombus) នៃរដ្ឋអ៊ីនឌាណា (Indiana) មួយនេះរៀបចំផែនការកាត់បន្ថយបុគ្គលិករហូតដល់ទៅ ២,០០០នាក់ ក្នុងចំណោមបុគ្គលិកទាំង ៦២,៦១០នាក់របស់ខ្លួននៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
Cummins គឺជាក្រុមហ៊ុនមួយដែលមានចំណែកទីផ្សារផ្នែកម៉ាស៊ីន និងគ្រឿងបរិក្ខារថយន្តធុនធ្ងន់ ប្រមាណ ៣៨.៣% ឯណោះកាលពីឆ្នាំ២០១៨ ជាមួយនឹងប្រាក់ចំណូលសរុប ២៣.៨ពាន់លានដុល្លារអាមេរិក តាមពីក្រោយដោយក្រុមហ៊ុន ដេម្លើ (Daimler) និងវ៉ុលវ៉ូម៉េក (Volvo/Mack)។ សម្រាប់ការកាត់បន្ថយបុគ្គលិក ដែលអាចនឹងត្រូវធ្វើនៅទូទាំងពិភពលោកនេះ នឹងចាប់ផ្តើមនៅត្រីមាសដំបូងនៃឆ្នាំ២០២០។
ជុំវិញព័ត៌មានខាងលើលោក ចូន មាលស៍ (Jon Mills) តំណាងក្រុមហ៊ុន Cummins បានប្រាប់សារព័ត៌មាន Business Insider យ៉ាងដូច្នេះថា «វាគួរឲ្យសោកស្តាយ ដែលយើងត្រូវតែធ្វើ (កាត់បន្ថយបុគ្គលិក) ដើម្បីកាត់បន្ថយតម្លៃការផលិត ពីព្រោះថាការធ្លាក់ចុះកំពុងកើតឡើង នៅក្នុងល្បឿនលឿនជាងអ្វីដែលយើងធ្លាប់ជួបប្រទះ នារយៈពេលកន្លងមក...។ យើងដឹងថា វាពិតជារឿងលំបាកបំផុតសម្រាប់អ្នកដែល រងផលប៉ះពាល់ដោយផ្ទាល់ និងសម្រាប់បុគ្គលិកទាំងអស់នៅទូទាំងក្រុមហ៊ុន។ ទោះបីជាបែបនេះក្តី ការចាត់វិធានការទប់ទល់នៅពេលនេះ នឹងអាចឲ្យយើងគ្រប់គ្រងការធ្លាក់ចុះបាន ហើយនឹងកំណត់ទិសដៅឲ្យបានខ្លាំងក្លាឡើងវិញទៅក្នុងទីផ្សារ ដូចដែលយើងធ្លាប់បានធ្វើកាលពីអតីតកាល...»៕