(ប៉េកាំង)៖ អនុរដ្ឋមន្ត្រីការបរទេសចិនចិនលោក ចេង ហ្សេក្វាង (Zheng Zeguang) បានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីប៉េកាំងលោក ធែរី ប្រ៊ែនស្ទេដ (Terry Branstad) មកធ្វើការសួរនាំ និងសម្តែងការប្រឆាំងដាច់ខាតពីសំណាក់រដ្ឋាភិបាលចិន ចំពោះសភាអាមេរិក (Congress) ដែលបានអនុម័នលើច្បាប់ការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្នុងទីក្រុងហុងកុងឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងជំនួបជាមួយអគ្គរដ្ឋទូតអាមេរិក Terry Branstad អនុរដ្ឋមន្ត្រីការបរទេសចិនលោក Zheng បានអំពាវនាវឲ្យសហរដ្ឋអាមេរិក កែកំហុសរបស់ខ្លួនមួយនេះជាបន្ទាន់ ហើយឈប់លូកលាន់ចូល កិច្ចការទីក្រុងហុងកុង និងកិច្ចការផ្ទៃក្នុងចិនឯទៀតៗ។ លោក Zheng ក៏បានចោទប្រកាន់ សភាអាមេរិកផងដែរថា មិនព្រមទទួលស្គាល់ការពិត និងភាពជាក់ស្តែង ដែលហុងកុងគឺជាផ្នែកមួយនៃប្រទេសចិន ហើយកិច្ចការរបស់ហុងកុង គឺជារឿងផ្ទៃក្នុងរបស់ចិនដូចគ្នា ប៉ុន្តែអាមេរិកបែរជាបង្ហាញការគាំទ្រទៅដល់ក្រុមប្រឆាំងចិន ដែលកំពុងបង្កអស្ថិរភាព និងឧក្រិដ្ឋកម្មនៅទីក្រុងមួយនេះទៅវិញ។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានថ្កោលទោសយ៉ាងពេញទំហឹងផងដែរ ចំពោះការអនុម័តច្បាប់របស់សភាអាមេរិក និងថែមទាំងបានចាត់ទុកថា វាជាការបំពានច្បាប់អន្តរជាតិ និងបទដ្ឋាននានាពាក់ព័ន្ធទៅនឹងទំនាក់ទំនងអន្តរជាតិថែមទៀតផង។ សភាអាមេរិកដែលគ្រប់គ្រងដោយគណបក្ស ប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយ ដើម្បីការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេ្យនៅទីក្រុងហុងកុង ហើយវាប្រាកដណាស់ថា ប្រសិនបើច្បាប់នេះចូលជាធរមាន នោះសម្ពាធបន្ថែមទៀតទៅលើទីក្រុងប៉េកាំងនឹងកើតមាន។ ប៉ុន្តែប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសកាលពីសប្តាហ៍មុននេះថា លោកនឹងមិនចុះហត្ថលេខាលើច្បាប់នេះឡើយ ព្រោះវាអាចនាំឲ្យប៉ះពាល់ដល់កិច្ចចរចាពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិកកំពុងធ្វើ នៅឡើយជាមួយប្រទេសចិន៕