(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ នាថ្ងៃចន្ទនេះរដ្ឋាភិបាលទីក្រុងសេអ៊ូលបានសម្តែងការសោកស្តាយ ចំពោះការធ្វើសមយុទ្ធបាញ់កាំភ្លើងធំរបស់ ទីក្រុងព្យុងយ៉ាង កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅលើកោះមួយជាប់បណ្តោយព្រំដែនរវាងកូរ៉េទាំងពីរ។
២៖ កប៉ាល់នេសាទមួយគ្រឿងរបស់កូរ៉េខាងត្បូង បានលិចនៅក្បែរកោះទេសចរ ចេជូ (Jeju) នៅថ្ងៃចន្ទនេះដោយបានឆក់ យកជីវិតអ្នកនេសាទ ០៣នាក់ និងម្នាក់បាត់ខ្លួន ខណៈ១០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។
៣៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានថ្លែងនៅថ្ងៃចន្ទនេះថា រដ្ឋបាលទីក្រុងស្វយ័តចិនមួយនេះ «នឹងស្តាប់មតិសាធារណៈដោយប្រុងប្រយ័ត្នជាងមុន» ក្រោយលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះបង្ហាញថា ក្រុមគណបក្សគាំទ្រលទ្ធិលប្រជាធិបតេយ្យហុងកុង ដណ្តើមបានអសនៈរហូតដល់ ៣៩០ ក្នុងចំណោមអសនៈ ៤៥២ ឬស្មើនឹងជិត ៩០%ឯណោះ។
៤៖ អង្គការការពារសត្វ និងបរិស្ថានរបស់អាល្លឺម៉ង់ហៅកាត់ថា NABU បានអះអាងថា អង្គការ NATO បានសម្លាប់ជីវិតសត្វជា ច្រើនក្បាលនៅក្នុងសមុទ្រ កំឡុងការធ្វើសមយុទ្ធយោធា នាពេលកន្លងទៅនេះនៅអាល្លឺម៉ង់។
៥៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានសម្រេចផ្តល់អាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បន្តការផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រ (Software) លក្ខណៈ Mass-Market ឲ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei ក្រោយការដាក់ពាក្យស្នើសុំ ប៉ុន្មានខែកន្លងទៅ។
៦៖ កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បានឈានដល់ការព្រមព្រៀងគ្នាចុងក្រោយមួយស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងប្រទេសទាំងពីរ ដែលនឹងលុបចោលនូវពន្ធលើដែកថែប រថយន្ដ និងស្រាបៀរ៕