(សេអ៊ូល)៖ កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បានឈានដល់ការព្រមព្រៀងគ្នាចុងក្រោយមួយស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងប្រទេសទាំងពីរ ដែលនឹងលុបចោលនូវពន្ធលើដែកថែប រថយន្ដ និងស្រាបៀរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Nikkei នៅថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងខាងលើត្រូវបានកូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី ចរចាគ្នារយៈពេលជាង៧ឆ្នាំកន្លះមកហើយ ដោយភាគីទាំង២ នៅថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើសេចក្ដីប្រកាសរួម ក្នុងកិច្ចប្រជុំទ្វេភាគី ជុំវិញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយកូរ៉េខាងត្បូង-ឥណ្ឌូណេស៊ី (CEPA)។ បន្ថែមពីលើនេះ បើតាមក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង ទីក្រុងសេអ៊ូល និងទីក្រុងហ្សាការតា នឹងចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ២០២០ បន្ទាប់ពីការត្រួតពិនិត្យ។
គួរបញ្ជាក់ថា នៅពេលកិច្ចព្រមព្រៀង CEPA ត្រូវបានចុះហត្ថលេខា វានៅត្រូវការការផ្ដល់សច្ចាប័នពីសភានៃប្រទេសទាំង២ ជាបន្តទៀត ហើយនៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន នោះ៩៣ភាគរយនៃទីផ្សារឥណ្ឌូណេស៊ី នឹងត្រូវបើកចំហ សម្រាប់កូរ៉េខាងត្បូង ក៏ដូចជាលុបចោលផងដែរ ពន្ធលើដែកថែប រថយន្ដ គ្រឿងបន្លាស់រថយន្ដ វាយនភណ្ឌ ខណៈកូរ៉េខាងត្បូងនឹង លើកលែងលើប្រេង bunker C និងសា្របៀរនាំចូលពីឥណ្ឌូណេស៊ី៕