(សេអ៊ូល)៖ កប៉ាល់នេសាទមួយគ្រឿងរបស់កូរ៉េខាងត្បូង បានលិចនៅក្បែរកោះទេសចរ ចេជូ (Jeju) នៅថ្ងៃចន្ទនេះដោយបានឆក់យកជីវិតអ្នកនេសាទ ០៣នាក់ និងម្នាក់បាត់ខ្លួន ខណៈ១០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៥ ខែវច្ឆិកា ឆ្នាំ២០១៩។
កាពីទែននៃកប៉ាល់នេសាទដែលមានទម្ងន់ ២៤តោនខាងលើ បានផ្តល់សញ្ញាទៅកាន់សមត្ថកិច្ចកូរ៉េខាងត្បូង កាលពីវេលាម៉ោង ៦៖០៥នាទីល្ងាចថ្ងៃចន្ទនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ថាខ្លួនបានជួបប្រទះបញ្ហា ខណៈនៅលើនោះគឺសុទ្ធសឹងតែអ្នកជាអ្នកនេសាទសរុបចំនួន ១៤នាក់។
គួរបញ្ជាក់ថា ក្រោយទទួលបានការទាក់ទងសុំជំនួយ ក្រុមសង្គ្រោះរបស់កូរ៉េខាងត្បូង បានទៅដល់កន្លែងកើតហេតុ និងនាំយកអ្នកនេសាទសរុបចំនួន ១៣នាក់មកកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសល្យនៅក្នុងនោះ ០៣នាក់បានបាត់បង់ជីវិត ខណៈ១០នាក់កំពុងសម្រាកព្យាបាល។ ក្រុមសង្គ្រោះនៅតែបន្តស្វែងរកអ្នកបាត់ខ្លួនម្នាក់ទៀត ខណៈព្យុះភ្លៀង និងរលកធំៗលើផ្ទៃសមុទ្រ ទំនងជាកត្តាដែលបានបណ្តាលឲ្យ កប៉ាល់នេសាទជួបគ្រោះថ្នាក់ និងលិចលង់៕