(សេអ៊ូល)៖ នាថ្ងៃចន្ទនេះរដ្ឋាភិបាលទីក្រុងសេអ៊ូលបានសម្តែងការសោកស្តាយ ចំពោះការធ្វើសមយុទ្ធបាញ់កាំភ្លើងធំរបស់ទីក្រុងព្យុងយ៉ាង កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅលើកោះមួយជាប់បណ្តោយព្រំដែនរវាងកូរ៉េទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោកស្រី ឆយ យុនស៊ូ (Choi Hyun-soo) បាននិយាយថា ការធ្វើសមយុទ្ធបាញ់កាំភ្លើងធំនោះ គឺរំលោភលើកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ ដែលថ្នាក់ដឹកនាំយោធានៃប្រទេសកូរ៉េទាំងពីរ បានព្រមព្រៀងគ្នាកាលពីខែកញ្ញា ឆ្នាំ២០១៨ ហើយត្រូវបាន អនុវត្តយ៉ាងពេញលេញតាំងតែពីខែវិច្ឆិកា ឆ្នាំដដែល។ លោកស្រី Choi បានបន្តថា កូរ៉េខាងត្បូងសោកស្តាយជាខ្លាំងចំពោះទង្វើនេះ ហើយសូមទទូចឲ្យកូរ៉េខាងជើង បញ្ឈប់រាល់សកម្មភាពយោធា ដែលអាចបង្កើនភាពតានតឹងផ្នែកយោធានៅតាមតំបន់ព្រំដែន និងគោរព ឲ្យបានខ្ជាប់ខ្ជួនតាមកិច្ចព្រមព្រៀង ដើម្បីទប់ស្កាត់កុំឲ្យមានការបាញ់កាំភ្លើងធំបែបនេះទៀត។

គួរជម្រាបថា ទីក្រុងសេអ៊ូលបានបញ្ចេញប្រតិកម្មបែបនេះ បន្ទាប់ពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថា កងកាំភ្លើងធំរបស់កូរ៉េខាងជើង នៅកោះឈ្មោះថា ឆាងរីន (Changrin) ទើបតែបានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់ មេដឹកនាំកំពូលលោក គីម ជុងអ៊ុន។
សម្រាប់កិច្ចព្រមព្រៀងយោធា ដែលត្រូវបានចុះហត្ថលេខាដោយប្រមុខការពារជាតិកូរ៉េទាំងពីរ កំឡុងកិច្ចប្រជុំកំពូលលើកទី ៣ រវាងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅទីក្រុងព្យុងយ៉ាងកាលពីខែកញ្ញាឆ្នាំទៅមិញ ភាគីទាំងពីរបានឯកភាពគ្នា បញ្ឈប់រាល់សកម្មភាពបង្កហេតុនៅតាមព្រំដែន ហើយព្យាយាមបញ្ចៀសការប៉ះទង្គិចគ្នាដោយយថាហេតុ៕