(វៀងច័ន្ទ)៖ អាជ្ញាធរទីក្រុងវៀងច័ន្ទនៃប្រទេសឡាវមានភាពជឿជាក់ខ្ពស់ថា ទីក្រុងនេះនឹងទទួលបានភ្ញៀវទេសចរដល់២លាននាក់ ក្នុងឆ្នាំ ២០១៩នេះ ដូចតាមការរំពឹងទុក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រធានមន្ទីរវប្បធម៌និងទេសចរណ៍ប្រចាំទីក្រុងវៀងច័ន្ទ លោក Vilayvone Chanthalaty បាននិយាយថា អាជ្ញាធរនៃក្រុងវៀងច័ន្ទ ក្រោមការ សហការជាមួយក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធ បានខិតខំប្រឹងប្រែងជាខ្លាំងដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម តាមរយៈការបង្កើតក៏ដូចជា ធ្វើឲ្យប្រសើរឡើងនូវគោលដៅទេសចរណ៍របស់ទីក្រុង។ ទីក្រុងវៀងច័ន្ទ គឺជាកន្លែងទទួលបានភ្ញៀវទេសចរច្រើនជាងគេ ក្នុងប្រទេសឡាវ និងជាចំណុចប្រមូលផ្តុំសម្រាប់ការធ្វើដំណើរទៅកាន់ទីតាំងដទៃទៀតនៅក្នុងប្រទេសនេះ និងសម្រាបការបន្តឆ្ពោះទៅកាន់ប្រទេសផ្សេង។
គួរជម្រាបថា គោលដៅទេសចរណ៍ដែលគួរទាក់ទាញបំផុត ប្រចាំទីក្រុងវៀងច័ន្ទ គឺវត្ត Pha That Luang ដែលជានិមិត្តរូបមួយរបស់ប្រទេស ឡាវ ហើយក៏តំណាងឲ្យព្រះពុទ្ធសាសនាផងដែរ។ ក្រៅពីនេះរួមមាន វត្ត Hor Phakeo, Simeuang, Sisaket និងវិមាន Patuxay ជាដើម ដែលសុទ្ធ តែមានប្រវត្តិសាស្រ្តស៊ីជម្រៅ ហើយស្ថាប័ត្យកម្មនៃសំណង់បុរាណទាំងនោះក៏គួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ឡាវ រយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ ភ្ញៀវទេសចរសរុប២.២លាននាក់ បានធ្វើដំណើរ កម្សាន្តមកកាន់ប្រទេសឡាវ ដែលជាការកើនឡើងក្នុងអត្រា៥ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។ រីឯអំឡុង១០ខែដំបូងនៃឆ្នាំ ២០១៩ អ្នកទេសចរជាង១.៥លាននាក់បានធ្វើដំណើរមកទីក្រុងវៀងច័ន្ទ៕